ពេលទៅដល់ប៉េកាំង នាយករដ្ឋមន្ត្រីអង់គ្លេសថា អង់គ្លេសមិនចាំបាច់ជ្រើសរើសរវាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិននោះទេ

បរទេស៖ លោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានមានប្រសាសន៍កាលពីថ្ងៃពុធថា ប្រទេសរបស់លោកមិនចាំបាច់ជ្រើសរើសរវាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិននោះទេ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសចិន ដែលមានគោលបំណងជួសជុលទំនាក់ទំនង និងពង្រីកឱកាសសម្រាប់ក្រុមហ៊ុនអង់គ្លេសនៅក្នុងប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មេដឹកនាំអង់គ្លេសរូបនេះបានមកដល់រដ្ឋធានីប៉េកាំង នៅពេលរសៀល។ មុននេះ លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះថា លោកនឹងធ្វើឲ្យមានតុល្យភាពរវាងការចូលរួមជាមួយប្រទេសចិនជាមួយនឹងកង្វល់សន្តិសុខជាតិ។ លោក Keir Starmer គឺជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដំបូងគេដែលបានទៅទស្សនកិច្ចទីក្រុងប៉េកាំងចាប់តាំងពីលោកស្រី Theresa May ក្នុងឆ្នាំ ២០១៨។ ទំនាក់ទំនងនេះបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចារកម្មចិន ការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន និងការបង្ក្រាបរបស់ខ្លួនលើសេរីភាពស៊ីវិលនៅហុងកុង ដែលជាអតីតអាណានិគមអង់គ្លេស។ យោងតាមស្ថិតិរបស់ចិន ប្រទេសចិនមានអតិរេកពាណិជ្ជកម្មយ៉ាងច្រើនជាមួយចក្រភពអង់គ្លេសនៅឆ្នាំ ២០២៥ ដោយនាំចេញទំនិញចំនួន ៨៥,១ ពាន់លានដុល្លារ ខណៈដែលនាំចូលទំនិញចំនួន ១៨,៦ ពាន់លានដុល្លារ។ ប៉ុន្តែចក្រភពអង់គ្លេសមានអតិរេកពាណិជ្ជកម្មលើសេវាកម្ម៕ ប្រែសម្រួលៈ ណៃ តុលា