ហាងលក់មាស នៅក្នុងប្រទេសថៃ រាប់សិបកន្លែង អាចនឹងបិទទ្វារនៅឆ្នាំ ២០២៦ ដោយសារតម្លៃមាស កើនឡើងខ្លាំង

បរទេស៖ សមាគមពាណិជ្ជករមាស នៅប្រទេសថៃព្រមានថា ហាងលក់មាសនៅក្នុងប្រទេសថៃ រាប់សិបកន្លែងអាចនឹងបិទទ្វារនៅឆ្នាំ ២០២៦ ដោយសារតម្លៃកើនឡើងខ្លាំង និងតម្រូវការគ្រឿងអលង្ការមាសធ្លាក់ចុះ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Jitti Tangsitpakdee ប្រធានសមាគមពាណិជ្ជករមាសបានប្រាប់ Thansettakij ថា ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃមាស — ដោយតម្លៃលក់បច្ចុប្បន្នលើសពី ៧០,០០០ បាតក្នុងមួយបាតទម្ងន់មាស អាចបង្ខំឱ្យហាងលក់មាស រាប់សិបកន្លែងទៀតបិទទ្វារនៅឆ្នាំនេះ បន្ទាប់ពីការបិទទ្វារកាលពីឆ្នាំមុន។ លោកបាននិយាយថា ការលក់គ្រឿងអលង្ការមាស បានធ្លាក់ចុះដោយសារតែតម្លៃ បានកើនឡើងលើសពីអំណាចទិញរបស់អ្នកប្រើប្រាស់ ខណៈពេលដែលអ្នកទិញ ជាច្រើនបានប្តូរទៅទិញដុំមាស សម្រាប់ការជួញដូរដោយប្រថុយប្រថាន។ លើសពីនេះ ប្រភពចំណូលសំខាន់ សម្រាប់ហាងជាច្រើន ហាងបញ្ចាំមាស បានចុះខ្សោយ ដោយសារមនុស្សជាច្រើន បានសម្រេចចិត្តលក់មាសរបស់ពួកគេរួចហើយបន្ទាប់ពីតម្លៃកើនឡើង។ប្រែសម្រួលៈ ណៃ តុលា