ចិន​ ជំរុញឱ្យសហភាពអឺរ៉ុប​ បញ្ឈប់ការប្រើប្រាស់ ឧបករណ៍ពាណិជ្ជកម្ម ឯកតោភាគី

ប៉េកាំង៖​ ប្រទេសចិន​ បានជំរុញឱ្យសហភាពអឺរ៉ុប គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន​ ចំពោះការបើកចំហទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ និងបញ្ឈប់ការប្រើប្រាស់ ឧបករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឯកតោភាគី។ អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់សហភាពអឺរ៉ុប​ អំពីការស៊ើបអង្កេត លើក្រុមហ៊ុនថាមពលស្អាតរបស់ចិន ដោយលើកឡើងពីការព្រួយបារម្ភថា ក្រុមហ៊ុននេះទទួលបានអត្ថប្រយោជន៍ ពីការឧបត្ថម្ភធនរបស់រដ្ឋ និងការប្រកួតប្រជែងបង្ខូច ទ្រង់ទ្រាយនៅក្នុងទីផ្សារសហភាពអឺរ៉ុប។ លោកបានកត់សម្គាល់ថា សហភាពអឺរ៉ុប​ តែងតែងាកទៅរកឧបករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឯកតោភាគី ដោយដាក់វិធានការរើសអើង និងរឹតត្បិតលើសហគ្រាសចិន។ លោកបានបន្ថែមថា សកម្មភាពបែបនេះបញ្ជូនសញ្ញាការពារនិយម ធ្វើឱ្យខូចរូបភាពរបស់សហភាពអឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមហ៊ុនចិន​ ក្នុងការវិនិយោគនៅអឺរ៉ុប។ លោកបានបន្ដថា «យើងសូមជំរុញឱ្យសហភាពអឺរ៉ុប​ គោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបើកចំហទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ បញ្ឈប់ការរំលោភបំពានឧបករណ៍គោលនយោបាយពាណិជ្ជកម្មឯកតោភាគី និងផ្តល់បរិយាកាសអាជីវកម្ម​ ដែលយុត្តិធម៌ មានតម្លាភាព និងមិនរើសអើងសម្រាប់ក្រុមហ៊ុននានានៅជុំវិញពិភពលោក»៕ប្រែសម្រួល​ ឈូក​ បូរ៉ា