នាយករដ្ឋមន្ត្រីឥណ្ឌាថា សណ្តាប់ធ្នាប់ពិភពលោកថ្មីកំពុងងាកទៅរកប្រទេសឥណ្ឌា
បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានមានប្រសាសន៍ថា សណ្តាប់ធ្នាប់ពិភពលោកថ្មីកំពុងងាកទៅរកប្រទេសឥណ្ឌា ខណៈដែលអស្ថិរភាពភូមិសាស្ត្រនយោបាយកាន់តែកើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ម៉ូឌី បានថ្លែងនៅក្នុងសភាជាន់ខ្ពស់ Rajya Sabha កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាបានក្លាយជាដៃគូ និងជាមិត្តដ៏គួរឱ្យទុកចិត្តចំពោះប្រទេសជាច្រើន ដោយរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពពិភពលោកផងដែរ។ រឿងនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា បន្ទាប់ពីកិច្ចព្រមព្រៀងស្រដៀងគ្នាដែលបានបញ្ចប់ជាមួយសហភាពអឺរ៉ុបដោយទីក្រុងញូវដេលីកាលពីខែមុន។ នាយករដ្ឋមន្ត្រីឥណ្ឌាមានប្រសាសន៍ថា “ប្រទេសឥណ្ឌាបានក្លាយជាសំឡេងដ៏រឹងមាំនៃតំបន់ភាគខាងត្បូងសកលនៅលើវេទិកាអន្តរជាតិ ហើយកំពុងចូលទៅក្នុង ‘កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រៀមរួចជាស្រេចសម្រាប់អនាគត’ ជាមួយប្រទេសធំៗ”។ លោក ម៉ូឌី បានប្រាប់សមាជិកសភាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៩ត្រូវបានចុះហត្ថលេខាថ្មីៗនេះដោយប្រទេសឥណ្ឌា រួមទាំង “កិច្ចព្រមព្រៀងពាណិជ្ជកម្មមសេរីទាំងអស់” ជាមួយសហភាពអឺរ៉ុបកាលពីខែមករា ដែលពាក់ព័ន្ធនឹងប្រទេសចំនួន ២៧ ។ ប្រទេសឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់ពិភពលោក ហើយត្រៀមខ្លួនក្លាយជាប្រទេសធំទីបីដែលមានផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៧,៣ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed