មន្ទីរបញ្ចកោណ បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីដាក់ពង្រាយនាវាផ្ទុកយន្តហោះទី២ ទៅកាន់មជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានត្រៀមខ្លួន រួចជាស្រេចដើម្បីដាក់ពង្រាយនាវាផ្ទុកយន្តហោះទី២ នៅមជ្ឈិមបូព៌ាក្នុងរយៈពេលពីរសប្តាហ៍ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។ របាយការណ៍នេះ បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលបាន្យដឹងថា នាវាផ្ទុកយន្តហោះនេះទំនងជាមកពីឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថានាវាផ្ទុកយន្តហោះ USS George H.W. Bush កំពុងបញ្ចប់សមយុទ្ធហ្វឹកហាត់ជាបន្តបន្ទាប់នៅឯឆ្នេរសមុទ្ររដ្ឋ Virginia ហើយវាអាចពន្លឿនសមយុទ្ធទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់បានផ្តល់បញ្ជាជាផ្លូវការសម្រាប់ការដាក់ពង្រាយនៅឡើយទេ ហើយផែនការនោះអាចនឹងផ្លាស់ប្តូរ នេះបើយោងតាមរបាយការណ៍។ ប្រសិនបើបទបញ្ជានេះត្រូវបានចេញ នាវាផ្ទុកយន្តហោះទីពីរនឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលមាននៅក្នុងតំបន់រួចហើយ ដែលជាលើកដំបូងដែលមាននាវាផ្ទុកយន្តហោះពីរគ្រឿងនៅក្នុងតំបន់នេះចាប់តាំងពីខែមីនា ឆ្នាំ២០២៥ នៅពេលដែលនាវា USS Harry S. Truman និង USS Carl Vinson ស្ថិតនៅមជ្ឈិមបូព៌ា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed