ក្រុមសកម្មជនថា អ្នកស្លាប់កើនដល់ជាង ៧.០០០នាក់ ក្នុងការបង្ក្រាបលើបាតុករនៅក្នុងប្រទេស អ៊ីរ៉ង់

បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបលើការតវ៉ាទូទាំងប្រទេសរបស់អ៊ីរ៉ង់កាលពីខែមុនបានកើនឡើងដល់យ៉ាងហោចណាស់ ៧.០០៥ នាក់ និងមនុស្សជាច្រើននាក់ទៀតនៅតែភ័យខ្លាចថាស្លាប់ផងដែរ, នេះបើយោងតាមសកម្មជនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកស្លាប់ដោយសារបាតុកម្មបានបន្ថែមទៅលើភាពតានតឹងទូទៅដែលអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខទាំងនៅក្នុងប្រទេស និងនៅបរទេស ខណៈដែលប្រទេសនេះព្យាយាមចរចាជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចរចាជុំទីពីរនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងពីករណីរបស់គាត់ដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបង្កើនការទាមទារលើទីក្រុងតេហេរ៉ង់នៅក្នុងការចរចា។ លោក Trump បានសរសេរនៅពេលក្រោយនៅលើគេហទំព័រ Truth Social របស់លោកថា “មិនមានអ្វីដែលសម្រេចបានច្បាស់លាស់ក្រៅពីខ្ញុំបានទទូចថា ការចរចាជាមួយអ៊ីរ៉ង់បន្តមើលថា តើកិច្ចព្រមព្រៀងមួយអាចសម្រេចបានឬអត់។ ប្រសិនបើវាអាចធ្វើទៅបាន ខ្ញុំនឹងប្រាប់នាយករដ្ឋមន្ត្រីថានោះនឹងជាជម្រើសមួយ”។ លោក Trump ដែលកំពុងស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងដែលក៏បានណែនាំផងដែរថាសហរដ្ឋអាមេរិកអាចនឹងចាត់វិធានការយោធាដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបរបស់អ៊ីរ៉ង់លើក្រុមបាតុករ បានព្រមានអ៊ីរ៉ង់ថាការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់លោកនឹងជា “របួសធ្ងន់ធ្ងរ”៕ ប្រែសម្រួលៈ ណៃ តុលា