សហរដ្ឋអាមេរិក ដកកងទ័ពទាំងអស់ ចេញពីប្រទេសស៊ីរី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងដកកងទ័ពប្រហែល ១០០០នាក់របស់ខ្លួនចេញពីប្រទេសស៊ីរី នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ៣រូប។ យោងតាមរបាយការណ៍ មន្ទីរបញ្ចកោណនៅដើមខែនេះបានដកទាហានអាមេរិកទាំងអស់ចេញពីមូលដ្ឋាន Al-Shaddadi នៅភាគឦសាននៃប្រទេសស៊ីរី និងចេញពីយោធភូមិ Al Tanf ដែលជាប៉ុស្តិ៍យុទ្ធសាស្ត្រមួយនៅតាមព្រំដែននៃប្រទេសស៊ីរី ហ្ស៊កដានី និងអ៊ីរ៉ាក់។ ក្នុងរយៈពេលពីរខែខាងមុខ កងកម្លាំងអាមេរិក ដែលនៅសេសសល់ទាំងអស់ នឹងចាកចេញពីប្រទេសស៊ីរី ដោយបញ្ចប់វត្តមានយោធា អាមេរិករយៈពេលមួយទសវត្សរ៍ ដែលសេតវិមានបានចាត់ទុកថា លែងចាំបាច់នៅក្នុងប្រទេសនេះទៀតហើយ នេះបើយោងតាមមន្ត្រីអាមេរិកពីររូប។ មន្ត្រីទាំងនោះបានឧ្យដឹងថា ការដកទ័ពនេះមិនទាក់ទងនឹងការកសាងយោធាដ៏ធំសម្បើម របស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា សម្រាប់ការវាយប្រហារដែល អាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ កងកម្លាំងសហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយជាលើកដំបូងទៅកាន់ប្រទេសស៊ីរីក្នុងឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ក្នុងនាមប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរបស់ប្រទេស។ ក្នុងអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កម្រិតកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីត្រូវបានកាត់បន្ថយបន្តិចម្តងៗ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed