កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងសិក្សាពីផ្លូវដឹកជញ្ជូនជំនួស និងពង្រឹងការផ្តោតអារម្មណ៍ របស់ខ្លួនលើទីផ្សារអាស៊ី ដើម្បីរក្សាការមកដល់ របស់ភ្ញៀវទេសចរ ចំពេលមានការរំខាន ដែលទាក់ទងនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា នេះបើយោង តាមរបាយការណ៍របស់ទីភ្នាក់ងាររដ្ឋ Bernama របស់ប្រទេសនេះ ។ របាយការណ៍នេះ បានលើកឡើងពីអគ្គលេខាធិការរងទេសចរណ៍ នៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Chua Choon Hwa ថា ជម្លោះនេះបានប៉ះពាល់ដល់មជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ នៅមជ្ឈិមបូព៌ា ដែលតាមប្រពៃណីត្រូវបានប្រើប្រាស់ដោយអ្នកធ្វើដំណើរផ្លូវឆ្ងាយ ដែលធ្វើដំណើរទៅកាន់តំបន់អាស៊ី ដែលជំរុញឱ្យរដ្ឋាភិបាលវាយតម្លៃជម្រើសផ្លូវផ្សេងទៀត ដើម្បីធានាបាននូវលំហូរភ្ញៀវទេសចរដែលមានស្ថេរភាព។ លោកបានលេីកឡេីងថា “ការដឹកជញ្ជូននៅមជ្ឈិមបូព៌ាបច្ចុប្បន្នមានការរំខានខ្លះ ដូច្នេះយើងកំពុងសម្លឹងមើលវិធី ដើម្បីយកឈ្នះលើស្ថានភាពនេះ រួមទាំងការប្រើប្រាស់អាកាសយានដ្ឋានដឹកជញ្ជូនជំនួស ដើម្បីជៀសវាងតំបន់ដែលរងផលប៉ះពាល់”។ លោកបានបន្ដថា រដ្ឋាភិបាលក៏កំពុងបង្កើនការផ្តោតអារម្មណ៍របស់ខ្លួន លើទីផ្សារក្នុងតំបន់ដែលមិនសូវរងផលប៉ះពាល់ដោយជម្លោះ ជាពិសេសនៅក្នុងទ្វីបអាស៊ី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយមួយ ដើម្បីកាត់បន្ថយហានិភ័យពីភាពមិនប្រាកដប្រជាទូទាំងពិភពលោក។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ លោកបានកត់សម្គាល់ថា ទស្សនវិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីនៅតែវិជ្ជមាន ដោយគោលដៅ Visit Malaysia 2026 (VM2026) នៅតែអាចសម្រេចបាន។ យោងតាមលោក ចំនួនភ្ញៀវទេសចររបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងជាង ៣០ភាគរយធៀបនឹងឆ្នាំមុនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៦ ដែលគាំទ្រដោយតម្រូវការខ្លាំងក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed