បរទេស៖ សេតវិមានបានប្រកាសនៅថ្ងៃពុធថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលដែលបានកំណត់ពេលឡើងវិញជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃទី១៤ និងទី១៥ ខែឧសភា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថា លោក ត្រាំ ពីមុនត្រូវបានគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងខែនេះ ប៉ុន្តែក្រោយមកបានប្រកាសថា លោកនឹងពន្យារពេលដំណើរទស្សនកិច្ចនេះវិញ ដើម្បីឲ្យលោកអាចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយគ្រប់គ្រងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះបានប្រកាសពីដំណើរទស្សនកិច្ចដែលបានកំណត់ពេលឡើងវិញ ទោះបីជាសង្គ្រាមនៅអ៊ីរ៉ង់នៅតែបន្ត ហើយសហរដ្ឋអាមេរិកកំពុងជំរុញទីក្រុងតេហេរ៉ង់ឲ្យទទួលយកសំណើឈប់បាញ់ក៏ដោយ។ អ្នកនាំពាក្យសារព័ត៌មាន លោកស្រី Karoline Leavitt បាននិយាយថា ប្រធានាធិបតី និងលោកស្រីជំទាវទីមួយ Melania Trump ក៏មានគម្រោងទទួលលោក ស៊ី និងភរិយារបស់លោក គឺលោកស្រី Peng Liyuan សម្រាប់ដំណើរទស្សនកិច្ចនៅសេតវិមាននៅចុងឆ្នាំនេះផងដែរ។ លោកស្រី Leavitt នៅពេលសួរថាតើកាលបរិច្ឆេទថ្មីសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ត្រាំ អាចបង្ហាញថា លោកជឿថាសង្គ្រាមអ៊ីរ៉ង់អាចបញ្ចប់ក្នុងពេលឆាប់ៗនេះដែរឬទេ លោកស្រីបានផ្តល់ចម្លើយបែបសុទិដ្ឋិនិយមថា ជម្លោះអាចឈានដល់ទីបញ្ចប់មុនពេលលោកធ្វើដំណើរ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed