រុស្ស៊ី​ ព្រមានរដ្ឋបាល់ទិកទាំងអស់​ ចំពោះការបើកដែនអាកាស ដល់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន

មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា ទីក្រុងមូស្គូ​ បានចេញការព្រមានដល់រដ្ឋបាល់ទិក បន្ទាប់ពីមានរបាយការណ៍អំពីចេតនា របស់ពួកគេក្នុងការបើកដែនអាកាស របស់ពួកគេដល់យន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន​ ដែលវាយប្រហាររុស្ស៊ី។ លោកស្រីបានលេីកឡេីងថា “រុស្ស៊ីបានចេញការព្រមានពិសេស ដល់រដ្ឋបាល់ទិកទាក់ទងនឹងការសម្រេចចិត្ត របស់ពួកគេក្នុងការបើកដែន អាកាសរបស់ពួកគេ​ សម្រាប់ការឆ្លងកាត់ របស់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ក្នុងអំឡុងពេលវាយប្រហារលើសហព័ន្ធរុស្ស៊ី”។ លោកស្រីបានបន្ថែមថា ប្រសិនបើរដ្ឋបាល់ទិកមិនអើពើនឹងការព្រមានរបស់រុស្ស៊ី ហើយបន្តសកម្មភាពបែបនេះ ពួកគេនឹងប្រឈមមុខនឹងវិធានការសងសឹក។ ព័ត៌មានអំពីការបើកដែន អាកាសជាផ្លូវការរបស់ឡាតវី លីទុយអានី និងអេស្តូនី​ ដល់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន​ ត្រូវបានរាយការណ៍នៅថ្ងៃទី២៦​ ខែមីនា តាមរយៈឆានែល Telegram Mash។ ទោះជាយ៉ាងណាក៏ដោយ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្តូនី លោក Igor Taro និងក្រសួងការពារជាតិឡាតវីសុទ្ធតែបានបដិសេធការអះអាងទាំងនេះ៕