ហូឡង់ ប្រកាសបញ្ជាទិញ ប្រព័ន្ធការពារដែនអាកាស ជាច្រើនទៀតពីក្រុមហ៊ុនអាមេរិក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងការពារជាតិ បានប្រកាសថា រដ្ឋាភិបាលហូឡង់ បានចុះហត្ថលេខា លើកិច្ចសន្យា ជាមួយក្រុមហ៊ុនអាមេរិក Raytheon កាលពីថ្ងៃអង្គារ ដើម្បីទទួលបានប្រព័ន្ធ ការពារ ដែនអាកាស Patriot បន្ថែមជាច្រើនទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិហូឡង់ Derk Boswijk បាននិយាយនៅក្នុងការបង្ហោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា សង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាបញ្ជាក់ពីសារៈសំខាន់ នៃការការពារដែនអាកាសដ៏រឹងមាំ។លោកបន្តបែបនេះថា៖ នោះហើយជាមូលហេតុដែលខ្ញុំកំពុង ចុះហត្ថលេខានៅថ្ងៃនេះ សម្រាប់កងកម្លាំងយោធាយើង នូវPatriot បន្ថែមហើយដោយបញ្ជាក់ថា វិធានការនេះគឺមានបំណង ពង្រឹងការការពារទាំងប្រទេសហូឡង់ និងសម្ព័ន្ធមិត្តណាតូផងដែរ។ ប្រព័ន្ធ Patriot មានធាតុផ្សំជាច្រើន រួមមាន ស្ថានីយ៍បាញ់បង្ហោះ ស្ថានីយ៍បញ្ជា និងរ៉ាដា។ កិច្ច​ព្រម​ព្រៀង​នេះ​ក៏​គ្រប​ដណ្តប់​លើ​គ្រឿង​បន្លាស់ និង​ទុន​បម្រុង​ដឹក​ជញ្ជូន​ផង​ដែរ ។ កាលបរិច្ឆេទចែកចាយពិតប្រាកដ នៃប្រព័ន្ធថ្មីនេះមិនត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវាត្រូវបាន គេរំពឹងថានឹងនៅមុនឆ្នាំ២០៣០៕ ប្រែសម្រួល៖ស៊ុនលី