ប្រទេសថៃ កំពុងពន្លឿនការតភ្ជាប់ផ្លូវដែកជាមួយប្រទេសម៉ាឡេស៊ី

បរទេស៖ ប្រទេសថៃកំពុងមានផែនការបង្កើនល្បឿនក្នុងការធ្វើឱ្យប្រសើរឡើង នូវបណ្តាញផ្លូវដែកភាគខាងត្បូងរបស់ខ្លួន និងស្តារផ្លូវឆ្លងកាត់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ីឡើងវិញ ដោយមានគោលបំណងជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សមត្ថភាពដឹកជញ្ជូន និងការតភ្ជាប់ក្នុងតំបន់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា ក្រសួងដឹកជញ្ជូនបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រមួយដើម្បីពង្រឹងផ្លូវដែកជាមធ្យោបាយដឹកជញ្ជូនសំខាន់មួយដែលតភ្ជាប់ប្រទេសថៃជាមួយប្រទេសជិតខាង។ គោលនយោបាយនេះ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Phiphat Ratchakitprakarn ដែលបានអំពាវនាវឱ្យក្រុមហ៊ុនផ្លូវដែករដ្ឋថៃ (SRT) ពន្លឿនដំណាក់កាលទី២ នៃកម្មវិធីផ្លូវដែកពីរផ្លូវរបស់ខ្លួន ដោយផ្តោតជាពិសេសទៅលើភាគខាងត្បូង។ ផ្លូវពីរផ្លូវសំខាន់ៗចំនួនបីនៅក្នុងតំបន់ ដែលមានការវិនិយោគរួមគ្នាជាង ១០០ ពាន់លានបាត ស្មើនឹងប្រហែល ៣,០៧ ពាន់លានដុល្លារអាមេរិក ត្រូវបានគេរំពឹងថានឹងដាក់ឱ្យដេញថ្លៃនៅឆ្នាំ ២០២៦។ ខ្សែរថភ្លើង Hat Yai – Padang Besar ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រជាពិសេស ព្រោះវាបង្កើតជាផ្នែកមួយនៃច្រករបៀងផ្លូវដែកដែលភ្ជាប់ប្រទេសថៃទៅកាន់ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ អាជ្ញាធរថៃកំពុងធ្វើការជាមួយសមភាគីម៉ាឡេស៊ី ដើម្បីធ្វើឱ្យរស់ឡើងវិញនូវផ្លូវដែកប្រវត្តិសាស្ត្រ Sungai Kolok-Rantau Panjang ដែលត្រូវបានផ្អាកដំណើរការអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ប្រែសម្រួលៈ ណៃ តុលា