អាមេរិក ដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គល និងក្រុមហ៊ុនជាច្រើន ដែលជួយដឹកជញ្ជូនប្រេង របស់អ៊ីរ៉ង់ ទៅឱ្យចិន 

 បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួនបីនាក់ និងក្រុមហ៊ុនចំនួន៩ រួមទាំងក្រុមហ៊ុនចំនួន៤ដែលមានមូលដ្ឋាននៅហុងកុង និងក្រុមហ៊ុនចំនួន៤នៅអារ៉ាប់រួម ចំពោះការជួយដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនទី៩មានមូលដ្ឋាននៅអូម៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា វិធានការរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌកម្មដែលបានប្រកាស កាលពីថ្ងៃសុក្រលើបុគ្គល និងក្រុមហ៊ុនដែលជួយអ៊ីរ៉ង់ទិញអាវុធ និងគ្រឿងបន្លាស់ ដែលប្រើសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោង។ ទណ្ឌកម្មនេះបានកើតឡើងប៉ុន្មានថ្ងៃមុនកិច្ចប្រជុំដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាកន្លែងដែលលោកត្រូវ បានគេរំពឹងថានឹងដាក់សម្ពាធលើមេដឹកនាំចិនឱ្យជួយដោះស្រាយការជាប់គាំងជាមួយអ៊ីរ៉ង់ និងបើកច្រកសមុទ្រហ័រ មូសឡើងវិញដ៏សំខាន់។ ក្រសួងរតនាគារអាមេរិក បានឱ្យដឹងថា ការកំណត់ថ្មីដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) គឺមានគោលបំណងទៅលើបុគ្គល និងអង្គភាពដែលបាន ជួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក្នុងការលក់ និងដឹកជញ្ជូនប្រេងអ៊ីរ៉ង់ ដែលបានបែងចែកទៅ ប្រទេសចិនដោយប្រើប្រាស់ក្រុមហ៊ុនជួរមុខមួយចំនួន។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួង រតនាគារអាមេរិក បាននិយាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបន្តប្រើប្រាស់ទណ្ឌកម្ម ដើម្បីដកហូតថវិកាពីរដ្ឋាភិបាល និងយោធាអ៊ីរ៉ង់ សម្រាប់អាវុធ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬការគាំទ្រដល់ភាគីពាក់ព័ន្ធនៅក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ តុលា