ប្រទេសអូទ្រីស បញ្ជូនយន្តហោះ Eurofighter Typhoons ទៅហោះស្ទាក់យន្តហោះចារកម្ម របស់កងទ័ពអាកាសអាមេរិក ដែលបានចូលក្នុង ដែនអាកាសរបស់ខ្លួន 

បរទេស៖ ប្រទេសអូទ្រីសបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះ Eurofighter Typhoons ទៅហោះស្ទាក់យន្តហោះចារកម្មរបស់កងទ័ពអាកាសអាមេរិក ដែលបានចូលទៅក្នុងដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាតនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមលោក Michael Bauer អ្នកនាំពាក្យក្រសួងការពារជាតិអូទ្រីស គឺ យន្តហោះ PC-12 turboprop ពីរគ្រឿងបានហោះពីលើភ្នំ Totes Gebirge ក្នុងតំបន់ Upper Austria ចំនួនពីរដង។ លោកបានបន្ថែមថា យន្តហោះទាំងនោះបានបត់ត្រឡប់ក្រោយឆ្ពោះទៅប្រទេសអាល្លឺម៉ង់វិញ បន្ទាប់ពីត្រូវបានស្ទាក់ដោយយន្តហោះ Eurofighters។ លោក Bauer បាននិយាយថា ឧប្បត្តិហេតុនេះនឹងត្រូវបាន «ដោះស្រាយតាមរយៈបណ្តាញការទូត»។ ការឆ្លើយតបរបស់ប្រទេសអូទ្រីសត្រូវបានរិះគន់ និងចំអកនៅលើបណ្តាញសង្គម ដោយអ្នកអត្ថាធិប្បាយមួយចំនួនបានអះអាងថា «គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះដែនអាកាសរបស់យើងទេ»។ សូមជម្រាបថា កាលពីខែមុន ប្រទេសអូទ្រីសបានបដិសេធសំណើរបស់សហរដ្ឋអាមេរិកសម្រាប់សិទ្ធិហោះហើរពីលើក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយលើកឡើងពីអព្យាក្រឹតភាពយូរអង្វែងរបស់ខ្លួន៕ប្រែសម្រួលៈ ណៃ តុលា