កាសែត Nikkei ៖ អ៊ីរ៉ង់ នឹងបើកច្រកសមុទ្រ Hormuz រយៈពេល ៣០ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព
បរទេស៖ កាសែត Nikkei បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ ប្រភពការទូតមជ្ឈិមបូព៌ាថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងពិភាក្សាគ្នាអំពីផែនការបើកច្រកសមុទ្រ Hormuz ប្រហែល ៣០ ថ្ងៃបន្ទាប់ពីប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់អរិភាព។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា កាសែត Nikkei បានសរសេរថា អ៊ីរ៉ង់នឹងបន្តបោសសម្អាតមីនចេញពីច្រកសមុទ្រនេះក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងមួយ បន្ទាប់ពីនោះកប៉ាល់មកពីគ្រប់ប្រទេសនឹងអាចធ្វើនាវាចរណ៍ដោយសេរី និងសុវត្ថិភាព ហើយអ៊ីរ៉ង់ក៏នឹងឈប់យកថ្លៃដឹកជញ្ជូនផងដែរ។ របាយការណ៍បានបន្ថែមថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅដើមខែមេសានឹងត្រូវបានបន្តរយៈពេល ៦០ ថ្ងៃ ដោយមានផែនការធ្វើកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងអំឡុងពេលផ្អាករយៈពេលពីរខែ។ សូមបញ្ជាក់ថា ប្រហែលមួយភាគប្រាំ នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក ជាធម្មតាឆ្លងកាត់ច្រកសមុទ្រនេះ ដែលជាច្រកទ្វារ ទៅកាន់ឈូងសមុទ្រ និងជាផ្លូវនាំចេញសំខាន់ សម្រាប់ប្រទេសដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងកាតា៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed