អាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌ បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ

វ៉ាស៊ីនតោន៖ អ្នកចរចាអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ និងចាប់ផ្តើមការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់បានផ្តល់ការយល់ព្រមចុងក្រោយនៅឡើយទេ។ របាយការណ៍បានឲ្យដឹងថា អ្នកចរចាអាមេរិកបានជម្រាបលោក ត្រាំ អំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែលោកមិនបានចុះហត្ថលេខាភ្លាមៗនោះទេ។ មន្ត្រីអាមេរិកម្នាក់ត្រូវបានដកស្រង់សម្តីថា “ប្រធានាធិបតី បានជម្រាបទៅកាន់អ្នកសម្របសម្រួលថា លោកចង់ចំណាយពេលពីរបីថ្ងៃ ដើម្បីគិតអំពីវា”។ អ៊ីរ៉ង់ ក៏មិនទាន់បានបញ្ជាក់ពីការទទួលយករបស់ខ្លួនដែរ ទោះបីជារបាយការណ៍ដែលដកស្រង់សម្តីមន្ត្រីអាមេរិក បានអះអាងថា អ្នកចរចាអ៊ីរ៉ង់បាននិយាយថា ពួកគេមានការយល់ព្រមចាំបាច់ និងត្រៀមខ្លួនរួចរាល់ ដើម្បីចុះហត្ថលេខាក៏ដោយ។ របាយការណ៍នេះបានឲ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នារយៈពេល ៦០ ថ្ងៃនឹងចែងថា ការដឹកជញ្ជូនដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស នឹងត្រូវគ្មានការរឹតត្បិត។ មន្ត្រីអាមេរិកម្នាក់ត្រូវបានដកស្រង់សម្ដីថា នេះមានន័យថា គ្មានការយកពន្ធ និងគ្មានការយាយី ហើយអ៊ីរ៉ង់នឹងត្រូវដកមីនទាំងអស់ចេញពីច្រកសមុទ្រក្នុងរយៈពេល ៣០ ថ្ងៃ។ មន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា ការបិទផ្លូវកងទ័ពជើងទឹករបស់អាមេរិកលើកំពង់ផែអ៊ីរ៉ង់ទាំងអស់ក៏នឹងត្រូវបានលើកឡើងដែរ ប៉ុន្តែវានឹងកើតឡើងសមាមាត្រទៅនឹងការស្ដារឡើងវិញនៃការដឹកជញ្ជូនពាណិជ្ជកម្ម ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ក៏នឹងចេញការលើកលែងទណ្ឌកម្មមួយចំនួន ដើម្បីអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់ លក់ប្រេងដោយសេរី។ មន្ត្រីរូបនេះបានបន្ដថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងរួមបញ្ចូលការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការមិនបន្តអាវុធនុយក្លេអ៊ែរ។ … Continue reading អាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌ បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ