សភាអ៊ុយក្រែន អនុម័តកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ជាមួយសហភាពអឺរ៉ុប
គៀវ៖ សភាអ៊ុយក្រែន បានបោះឆ្នោត អនុម័តកិច្ចព្រមព្រៀងប្រាក់កម្ចីរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប នេះបើយោងតាមការប្រកាស របស់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងប្រាក់កម្ចីគាំទ្រ រួមជាមួយនឹងអនុស្សរណៈ ស្តីពីជំនួយរបស់សហភាពអឺរ៉ុប បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់អ៊ុយក្រែន ដើម្បីទទួលបានរហូតដល់ ៩០ ពាន់លានអឺរ៉ូ (១០៤.៧ ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៦-២០២៧។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Sergii Marchenko បានឲ្យដឹងថា ប្រាក់កម្ចីនេះនឹងបម្រើជាឧបករណ៍ សំខាន់មួយសម្រាប់រក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ របស់អ៊ុយក្រែន ផ្តល់ហិរញ្ញប្បទានដល់ការចំណាយថវិកាអាទិភាព និងពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសក្នុងអំឡុងពេលមានជម្លោះជាមួយរុស្ស៊ី។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀង នេះ រហូតដល់ ៦០ ពាន់លានអឺរ៉ូ នឹងត្រូវបានដឹកនាំឆ្ពោះទៅរកការពង្រឹង សមត្ថភាពឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ខណៈដែល ៣០ ពាន់លានអឺរ៉ូនឹងត្រូវបានបែងចែក សម្រាប់ថវិការដ្ឋ។ លោក Marchenko បានបន្ដថា អ៊ុយក្រែនរំពឹងថា នឹងទទួលបានជំនួយដំបូងដែលមានតម្លៃ ៣,២ ពាន់លានអឺរ៉ូក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed