យន្តហោះអាមេរិក បានបាញ់មីស៊ីល ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់ បន្ទាប់ពីមិនអើពើនឹង ការព្រមានជាង ២០ ដង 

បរទេស៖ បញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា យន្តហោះអាមេរិកមួយគ្រឿង បានបាញ់មីស៊ីល ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់ ខណៈពេលដែលកំពុងអនុវត្តការបិទផ្លូវអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ថា យោងតាម ​​បញ្ជាការកណ្តាលសហរដ្ឋអាមេរិក គឺកប៉ាល់ M/V Lian Star ដែលមានទង់ជាតិហ្គាំប៊ី បានមិនអើពើនឹងការព្រមានជាង ២០ ដងកាលពីថ្ងៃសុក្រ ខណៈពេលដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅលើ X កាលពីថ្ងៃសៅរ៍ថា “យន្តហោះអាមេរិកមួយគ្រឿងបានធ្វើឱ្យកប៉ាល់នេះមិនអាចដំណើរការបាន ដោយបាញ់មីស៊ីល Hellfire ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់កប៉ាល់ បន្ទាប់ពីក្រុមនាវិករបស់កប៉ាល់ Lian Star មិនគោរពតាមការព្រមាន។ កប៉ាល់នេះលែងឆ្លងកាត់ទៅអ៊ីរ៉ង់ទៀតហើយ”។ ចំណែកទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា កប៉ាល់នេះនៅតែអណ្តែត ហើយកងកម្លាំងអាមេរិកមិនបានឡើងលើកប៉ាល់នេះឡើយ។ សកម្មភាពយោធាចុងក្រោយបំផុត នៅជិតច្រកសមុទ្រ Hormuz បានកើតឡើង ខណៈដែលការចរចាសន្តិភាព ជាមួយអ៊ីរ៉ង់បានបរាជ័យ ក្នុងការសម្រេចបាននូវភាពជឿនលឿនមួយ ទោះបីជាមន្ត្រីអាមេរិកបានបង្ហាញសុទិដ្ឋិនិយមកាលពីសប្តាហ៍មុនក៏ដោយ។ប្រែសម្រួលៈ ណៃ តុលា