ជប៉ុនថា នាវាផ្ទុកយន្តហោះរបស់ចិន Liaoning ធ្វើសមយុទ្ធ នៅភាគខាងកើតហ្វីលីពីន
បរទេស៖ ក្រសួងការពារជាតិជប៉ុន បាននិយាយនៅក្នុងព្រឹត្តិបត្រមួយ កាលពីសប្តាហ៍មុនថា កងទ័ពជើងទឹកចិនត្រូវបានគេប្រទះឃើញ កំពុងធ្វើសមយុទ្ធដោយនាវាផ្ទុកយន្តហោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត នៃប្រទេសហ្វីលីពីន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា កងកម្លាំងស្វ័យការពារតាមសមុទ្រជប៉ុនបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះ Liaoning និងនាវាអមដំណើររបស់ចិនកំពុងធ្វើដំណើរក្នុងដែន ទឹកភាគខាងកើតនៃកោះ Luzon របស់ហ្វីលីពីនរវាងថ្ងៃទី ២៦ ខែឧសភា និងថ្ងៃទី ២៨ ខែឧសភា ។ យន្តហោះ និងឧទ្ធម្ភាគចក្រដែលមានមូលដ្ឋាននៅ Liaoning បានធ្វើសមយុទ្ធហោះឡើង និងចុះចតប្រហែល ១៧០ ដង ខណៈដែលកងនាវាចិនបានធ្វើដំណើរជុំវិញតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយឈានដល់ចម្ងាយជិត ៥៩០ គីឡូម៉ែត្រ (៣៦៧ម៉ាយ) ភាគអាគ្នេយ៍នៃកោះ Miyakojima របស់ជប៉ុន, នេះបើយោងតាមព្រឹត្តិបត្រ។ ក្រសួងការពារជាតិជប៉ុន បាននិយាយថា នាវាផ្ទុកយន្តហោះ Liaoning របស់ចិន បានធ្វើដំណើរឆ្ពោះទៅភាគអាគ្នេយ៍ តាមបណ្តោយប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ ប៉ុន្តែមិនបានផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតទេ។ ចំណែកក្រសួងការពារជាតិកោះតៃវ៉ាន់វិញ ក៏បានតាមដាននាវាផ្ទុកយន្តហោះ Liaoning ផងដែរ ដែលខ្លួនបាននិយាយកាលពីខែមេសាថា គឺជានាវាផ្ទុកយន្តហោះចិនដំបូងគេដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចាប់តាំងពីខែធ្នូមក។ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed