អ៊ីស្រាអែល និងលីបង់ ព្រមព្រៀងគ្នាដើម្បីអនុវត្តបទឈប់បាញ់បន្ទាប់ពីការចរចានៅទីក្រុងវ៉ាស៊ីនតោន

បរទេស៖ ប្រទេសលីបង់ និងអ៊ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃពុធថា ពួកគេបានយល់ព្រមលើការអនុវត្តបទឈប់បាញ់ បន្ទាប់ពីការចរចានៅទីក្រុងវ៉ាស៊ីនតោន ដែលមានគោលបំណងបញ្ចប់ជម្លោះ ដែលផ្ទុះឡើងរួមជាមួយនឹងសង្គ្រាមនៅអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ថា យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយជាមួយសហរដ្ឋអាមេរិក បានឲ្យដឹងថា បទឈប់បាញ់នេះគឺអាស្រ័យលើការបញ្ឈប់ការបាញ់ប្រហារទាំងស្រុងពីកងជីវពលហេសបូឡាដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និងការជម្លៀសបុគ្គលិកទាំងអស់របស់ខ្លួនចេញពីតំបន់លីតានីខាងត្បូង។ ពួកគេបាននិយាយថា “ភាគីទាំងពីរបានយល់ព្រមជាមួយនឹងការណែនាំរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញការបង្កើតតំបន់សាកល្បងយ៉ាងឆាប់រហ័ស ដែលកងកម្លាំងប្រដាប់អាវុធលីបង់នឹងគ្រប់គ្រងទឹកដីផ្តាច់មុខ ដោយមិនរាប់បញ្ចូលតួអង្គមិនមែនរដ្ឋទាំងអស់”។ អ៊ីស្រាអែល និងលីបង់ ពីមុនបានយល់ព្រមលើការបញ្ឈប់អរិភាពនៅក្នុងខែមេសា ដែលបន្ទាប់មកត្រូវបានពង្រីកនៅក្នុងខែឧសភា ប៉ុន្តែអំពើហិង្សានៅតែបន្ត។ ប្រែសម្រួលៈ ណៃ តុលា