សភាតំណាងរាស្ត្រអាមេរិក បោះឆ្នោតកំណត់អំណាចសង្គ្រាមអ៊ីរ៉ង់ របស់លោក ដូណាល់ ត្រាំ
វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃពុធបានបោះឆ្នោតកំណត់អំណាចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបន្តប្រតិបត្តិការ យោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយមានសមាជិកសាធារណរដ្ឋចំនួន ៤រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ។ សេចក្តីសម្រេចនេះ ដែលបានអនុម័តដោយសំឡេងគាំទ្រ ២១៥-២០៨ បានដឹកនាំលោក ដូណាល់ ត្រាំ ដកកងកម្លាំងអាមេរិកចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ លុះត្រាតែសភាអនុញ្ញាតឱ្យមានសកម្មភាពយោធាបន្ថែមទៀត។ ការបោះឆ្នោតនេះបានកើតឡើងបន្ទាប់ពីសេចក្តីសម្រេចអំណាចសង្គ្រាមចំនួន ៣លើកមុនបានបរាជ័យនៅក្នុងសភាដោយមានសំឡេងគាំទ្រតិចតួច។ នៅក្នុងព្រឹទ្ធសភា ការប៉ុនប៉ងស្រដៀងគ្នាចំនួន ៧លើកក៏បានបរាជ័យផងដែរ។ ទោះបីជាវិធានការនេះឆ្លងកាត់សភាទាំងពីរក៏ដោយ វាស្ទើរតែប្រាកដជាត្រូវបានលោក ដូណាល់ ត្រាំ វេតូ។ លោក ដូណាល់ ត្រាំ ត្រូវបានគាំទ្រយ៉ាងខ្លាំង ដោយសមាជិកសាធារណរដ្ឋ របស់គាត់នៅពេលដែលសង្គ្រាមបានចាប់ផ្តើម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល សង្គ្រាមបានអូសបន្លាយដោយគ្មានទីបញ្ចប់ច្បាស់លាស់ សមាជិកសាធារណរដ្ឋ មួយចំនួនបានចាប់ផ្តើមរង្គោះរង្គើ។ ជាមួយនឹងការបោះឆ្នោត ពាក់កណ្តាល អាណត្តិជិតមកដល់ ហើយតម្លៃសាំងបន្តកើនឡើង សមាជិកសាធារណរដ្ឋ មានការព្រួយ បារម្ភកាន់តែខ្លាំងឡើងថា សង្គ្រាមនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការរំពឹង ទុករបស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោត ខែវិច្ឆិកាខាងមុខនេះ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed