ធនាគារកណ្តាលចិន ពង្រីកការទិញមាសជាបន្តបន្ទាប់ដល់ខែទី១៩ ជាប់ៗគ្នា
បរទេស៖ ធនាគារកណ្តាលចិនបានពង្រីកទុនបម្រុងមាសរបស់ខ្លួនសម្រាប់ខែទី ១៩ ជាប់ៗគ្នាគិតមកដល់ខែឧសភា ដោយបានបន្ថែម ៣២០.០០០ អោនស៍ដល់ ៧៤,៩៦ លានអោនស៍ (ប្រហែល ២,៣៣២ តោន) នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារប្រជាជនចិននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦។ ទុនបម្រុងប្តូរប្រាក់បរទេសសរុបរបស់ចិនបានឈានដល់ ៣,៤៤ ពាន់ពាន់លានដុល្លារនៅចុងខែឧសភា។ យោងតាមសារព័ត៌មាន CGTN ចេញផ្សាយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ថា នៅទូទាំងពិភពលោក មាសបានវ៉ាដាច់ប្រាក់ដុល្លារអាមេរិកជាទ្រព្យសកម្មទុនបម្រុងឈានមុខគេ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារកណ្តាលអឺរ៉ុបស្តីពីតួនាទីអន្តរជាតិនៃប្រាក់អឺរ៉ូដែលចេញផ្សាយនៅថ្ងៃទី ២ ខែមិថុនា មាសមានចំនួន២៧% នៃទុនបម្រុងផ្លូវការសរុបទូទាំងពិភពលោកនៅចុងឆ្នាំ ២០២៥ ខណៈដែលចំណែកនៃមូលបត្ររតនាគារសហរដ្ឋអាមេរិកបានធ្លាក់ចុះពី ២៥% មកត្រឹម ២២%។ នេះជាលើកដំបូងដែលមាសបានវ៉ាដាច់បំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិកជាសមាសធាតុធំបំផុតនៃទុនបម្រុងធនាគារកណ្តាលទូទាំងពិភពលោក ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការធ្វើពិពិធកម្មចេញពីការពឹងផ្អែកលើរូបិយប័ណ្ណតែមួយ។ លោក Gu Fengda ប្រធានអ្នកវិភាគនៅ Guoxin Futures បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Caijing ដែលជាទស្សនាវដ្តីពាណិជ្ជកម្មលេចធ្លោមួយថា ការបន្តទិញមាសរបស់ធនាគារកណ្តាលមិនមែនគ្រាន់តែជាការកែសម្រួលសាមញ្ញនៃរចនាសម្ព័ន្ធទ្រព្យសកម្មរបស់ខ្លួននោះទេ ប៉ុន្តែជាការដាក់ពង្រាយមាសដែលមានយុទ្ធសាស្ត្រខ្ពស់ និងមើលឃើញទៅមុខជាធនធានយុទ្ធសាស្ត្រ ចំពេលមានការរៀបចំរចនាសម្ព័ន្ធម៉ាក្រូសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលឡើងវិញយ៉ាងស៊ីជម្រៅ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed