បរទេស៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បានព្រមានសហគមន៍នានានៅភាគពាយ័ព្យនៃខេត្តស៊ីនជាំង និងតំបន់ក្បែរៗរបស់ខ្លួន ឲ្យត្រៀមខ្លួនសម្រាប់ «ទឹកជំនន់ធ្ងន់ធ្ងរ» នៅរដូវក្តៅនេះ ដែលបណ្តាលមកពីសីតុណ្ហភាពខ្ពស់ខុសប្រក្រតី ភ្លៀងធ្លាក់ខ្លាំង និងការរលាយផ្ទាំងទឹកកកយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃសុក្រថា វាលខ្សាច់ Taklamakan របស់ខេត្តស៊ីនជាំង ដែលជាវាលខ្សាច់ធំជាងគេរបស់ប្រទេសចិន បានជួបប្រទះនឹងទឹកជំនន់លើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះនៅដើមខែមិថុនា ដោយបង្ហាញពីវីដេអូនៃទឹកដែលហូរចូលដីខ្សាច់ស្ងួត។ ខណៈពេលដែលវាខ្សាច់ Taklamakan បានជួបប្រទះនឹងទឹកជំនន់ស្រដៀងគ្នានេះចាប់តាំងពីឆ្នាំ ២០២១ ជាធម្មតាវាកើតឡើងនៅខែសីហា នៅពេលដែលសីតុណ្ហភាពឡើងដល់កំពូល។ ទោះជាយ៉ាងណាក៏ដោយ សីតុណ្ហភាពបានកើនឡើងខ្លាំងនៅដើមឆ្នាំនេះ។ នៅថ្ងៃទី១២ ខែមិថុនា ខេត្តស៊ីនជាំងមានសីតុណ្ហភាពក្តៅជាងមធ្យមភាគ ៧,៣ ដឺក្រេសម្រាប់ពេលនេះនៃឆ្នាំ ដោយឡើងដល់ ៣៨ អង្សាសេ នេះបើយោងតាម Reuters Climate Monitor។ ភាគខាងលិច និងភាគខាងត្បូងខេត្តស៊ីនជាំង នាពេលថ្មីៗនេះក៏បានឃើញភ្លៀងធ្លាក់ញឹកញាប់ជាងមុន ។ ទឹកភ្លៀងនៅតំបន់ខ្លះបានកើនឡើងទ្វេដង ឬបីដងនៃមធ្យមភាគប្រវត្តិសាស្ត្រសម្រាប់ដើមខែមិថុនា នេះបើយោងតាម CCTV បានរាយការណ៍។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed