រុស្ស៊ី និងអ៊ុយក្រែន បេីកការវាយប្រហារលេីហេដ្ឋារចនាសម្ព័ន្ធយោធា និងទីតាំងសំខាន់ៗទៅវិញទៅមក
មូស្គូ៖ រុស្ស៊ីបានឧ្យដឹងថា កងទ័ពរបស់ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៤៨៣គ្រឿងក្នុងរយៈពេល ២៤ម៉ោងកន្លងមក ខណៈដែលទីក្រុងគៀវ ក៏បានអះអាងពីការវាយឆ្មក់លើគោលដៅសំខាន់ៗរបស់រុស្ស៊ីផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អង្គភាពអាកាសចរណ៍ប្រតិបត្តិការ-យុទ្ធសាស្ត្រ យន្តហោះគ្មានមនុស្សបើក មីស៊ីល និងកាំភ្លើងធំរបស់រុស្ស៊ីបានវាយប្រហារឃ្លាំងផ្ទុកយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធថាមពល ដឹកជញ្ជូន និងកំពង់ផែដែលទាក់ទងនឹងប្រតិបត្តិការយោធា។ ទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃកងកម្លាំងយោធាអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសចំនួន ១៥០កន្លែងក៏ត្រូវបានវាយប្រហារផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិរុស្ស៊ី។ ទន្ទឹមនឹងនេះ តំបន់ជាច្រើនរបស់រុស្ស៊ី រួមទាំងតំបន់ជិតទីក្រុងមូស្គូ បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាជនស៊ីវិល។ លោក Sergey Sobyanin អភិបាលក្រុងមូស្គូ បានឧ្យដឹងនៅព្រឹកថ្ងៃអាទិត្យថា “ក្រុមឆ្លើយតបបន្ទាន់កំពុងធ្វើការនៅកន្លែងធ្លាក់យន្តហោះគ្មានមនុស្សបើក”៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed