បរទេស៖ អាជ្ញាធរថៃបាននិយាយថា សមាជិក នៃអង្គភាពសន្តិសុខមូលដ្ឋានម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារ ដោយគ្រាប់បែកតាមដងផ្លូវនៅក្នុងខេត្តប៉ាតានី នៅថ្ងៃពុធនេះ ក្នុងពេលកំពុងអមដំណើរអ្នកជំងឺស្តារនីតិសម្បទាគ្រឿងញៀនម្នាក់សម្រាប់ការព្យាបាល។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា យោងតាមសាខាភាគខាងត្បូង នៃបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃ ក្នុងតំបន់ទី៤ និងប៉ូលីសមូលដ្ឋាន គឺហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ០៩:៣០ នាទី នៅក្នុងភូមិ បានឃ្លាំង ស្រុក Panare ខេត្តប៉ាតានី។ ជនរងគ្រោះគឺជាសមាជិកនៃអង្គភាពការពារស្រុករងមួយមកពីបានណុក។ របាយការណ៍ដំបូងបាននិយាយថា មន្ត្រីទាំងពីរនាក់បានរងរបួសនៅក្នុងការផ្ទុះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Panare ជាបន្ទាន់។ ក្រោយមក អាជ្ញាធរបានបញ្ជាក់ថា លោក Ilyas Doloh បានស្លាប់ដោយសាររបួស ខណៈដែលលោក Maleekee Jehwae នៅតែស្ថិតក្រោមការព្យាបាល។ មន្ត្រីបាននិយាយថា បុរសទាំងពីរនាក់កំពុងបំពេញភារកិច្ចដឹកជញ្ជូនអ្នកជំងឺគ្រឿងញៀនម្នាក់សម្រាប់ការស្តារនីតិសម្បទា បន្ទាប់ពីមានការសម្របសម្រួលជាមួយមេដឹកនាំភូមិក្នុងតំបន់ នៅពេលដែលការវាយប្រហារបានកើតឡើង។ អាជ្ញាធរសន្តិសុខបានថ្កោលទោសការបំផ្ទុះគ្រាប់បែក ដោយកត់សម្គាល់ថា ការវាយប្រហារនេះមិនត្រឹមតែផ្តោតលើបុគ្គលិករដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំខានដល់កិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងស្តារនីតិសម្បទាគ្រឿងញៀន និងសុខុមាលភាពសហគមន៍ផងដែរ។ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed