បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង បានជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មថាមពលអាតូមិករដ្ឋរុស្ស៊ី (Rosatom) និងក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋ Zarubezhneft កាលពីថ្ងៃពុធ (ម៉ោងក្នុងស្រុក) ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន នៃប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Vietnam news ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា ក្នុងអំឡុងពេលជួបជាមួយលោក Alexey Likhachev អគ្គនាយក Rosatom លោកនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុន Rosatom និងភាគីរុស្ស៊ីចំពោះការអភិវឌ្ឍវិស័យថាមពលអាតូមិករបស់វៀតណាមក្នុងរយៈពេលបួនទសវត្សរ៍កន្លងមក។ ទាំងនេះរួមមានប្រតិបត្តិការនៃរ៉េអាក់ទ័រនុយក្លេអ៊ែរ ដាឡាត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការផ្គត់ផ្គង់ឱសថវិទ្យុសកម្មសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក ក៏ដូចជាការបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញឈានមុខគេជំនាន់ៗ ដែលជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែររបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានកត់សម្គាល់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី ដែលមានលក្ខណៈដោយការជឿទុកចិត្តខាងនយោបាយកម្រិតខ្ពស់ បម្រើជាកម្លាំងចលករ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរទៅជាសសរស្តម្ភយុទ្ធសាស្ត្ររយៈពេលវែងនៃទំនាក់ទំនងទ្វេភាគី។ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed