តេអេរ៉ង់៖ ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានចេញបញ្ជាឱ្យដោះស្រាយសំណើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស ឱ្យបានឆាប់រហ័ស ស្របតាមការសម្រេចគោលបំណងនៃអនុស្សរណៈយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខាថ្មីរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាតាមប្រព័ន្ធអេឡិចត្រូនិក។ SNSC បានឧ្យដឹងថា ក្រោមអនុស្សរណៈយោគយល់គ្នានេះ នឹងមិនគិតថ្លៃសេវារយៈពេល ៦០ថ្ងៃ សម្រាប់ការឆ្លងកាត់ដោយកប៉ាល់ ដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស នោះទេ ហើយការចំណាយទាំងអស់នឹងត្រូវបានរ៉ាប់រងដោយរដ្ឋាភិបាលអ៊ីរ៉ង់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបានឧ្យដឹងថា នាវាដែលស្វែងរកការឆ្លងកាត់ផ្លូវទឹកត្រូវបានតម្រូវ ឱ្យផ្ញើសំណើរបស់ពួកគេទៅកាន់អាជ្ញាធរ ច្រកសមុទ្រឈូងសមុទ្រពែរ្ស (PGSA) ។ សេចក្ដីប្រកាសព័ត៌មាននេះបានឧ្យដឹងថា “ដោយសារកាលៈទេសៈជាក់លាក់ និងវត្តមាននៃគ្រោះថ្នាក់សុវត្ថិភាពមួយចំនួនតាមបណ្តោយផ្លូវឆ្លងកាត់ និងដោយសារតែភាពចាំបាច់ ដើម្បីធានាចរាចរណ៍ប្រកបដោយសុវត្ថិភាព និងការពារគ្រោះថ្នាក់តាមសមុទ្រ ចាំបាច់ត្រូវមានកប៉ាល់ឆ្លងកាត់តាមបណ្តោយផ្លូវដែលបានប្រកាស និងនៅពេលវេលាដែលបានប្រកាស” ដោយផ្ដល់ការធានាថាចរាចរណ៍តាមផ្លូវទឹកនឹងកើនឡើងជាលំដាប់៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed