អ៊ីរ៉ង់ប្រកាសអះអាងថា ចាប់ផ្តើមកិច្ចពិភាក្សាបច្ចេកទេស ជាមួយនឹងអាមេរិក នៅប្រទេសស្វីស

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់កាលពីថ្ងៃចន្ទអំពី ការចរចាតាមបែបបច្ចេកទេសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមនៅក្នុងប្រទេសស្វីស ។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការ IRNA លោក Baghaei បាននិយាយថា គណៈប្រតិភូអ៊ីរ៉ង់ដឹកនាំ ដោយអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកផ្នែកច្បាប់ និងអន្តរជាតិ Kazem Gharibabadi ។ ភ្នាក់ងារដ្ឋIRNA បានរាយការណ៍ទៀតថា កិច្ចពិភាក្សាបច្ចេកទេសនេះ ធ្វើឡើងនៅក្នុងការបន្ត នៃការពិគ្រោះយោបល់កម្រិតខ្ពស់រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលធ្វើឡើងនៅទីក្រុង Burgenstock ប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ជាមួយនឹងការសម្រុះសម្រួលប៉ាគីស្ថាន និងកាតា។ ការអត្ថាធិប្បាយលើកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ លោក Baghaei បាននិយាយនៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃចន្ទថា យន្តការប្រតិបត្តិត្រូវបានគេរំពឹងថានឹងត្រួតពិនិត្យការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) របស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ជាមួយនឹងការពិភាក្សាកម្រិតបច្ចេកទេសនឹងបន្ត។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយប៉ាគីស្ថាន និងកាតា ភាគីនៃសម័យប្រជុំដំបូងនៃកិច្ចចរចាកម្រិតខ្ពស់ក្រោម MoU បានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខ្ពស់ដែលនឹងផ្តល់ការត្រួតពិនិត្យផ្នែកនយោបាយលើការសម្រុះសម្រួល។ គណៈកម្មាធិការបានយល់ព្រមលើផែនទីបង្ហាញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល៦០ថ្ងៃ ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្តើមភ្លាមៗ នៃកិច្ចពិភាក្សាបច្ចេកទេសបន្ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី