​ លោក ណេតាន់យ៉ាហ៊ូ​ នឹងស្វែងរករដ្ឋាភិបាលចម្រុះ ដ៏ទូលំទូលាយមួយ​ បន្ទាប់ពីការបោះឆ្នោតខែតុលា

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា បន្ទាប់ពីការបោះឆ្នោតទូទៅ ដែលរំពឹងទុកនៅក្នុងខែតុលា ឆ្នាំនេះ លោកចង់បង្កើតរដ្ឋាភិបាលជាតិដ៏ទូលំទូលាយមួយ។ លោក ណេតាន់យ៉ាហ៊ូ​ បច្ចុប្បន្នដឹកនាំរដ្ឋាភិបាលចម្រុះតូចចង្អៀតមួយ ដែលរួមមានក្រុមស្តាំនិយមជ្រុល និងក្រុមជ្រុលនិយមអូស្សូដក់។ ការស្ទង់មតិថ្មីៗបំផុត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានព្យាករណ៍ថា ក្រុមសម្ព័ន្ធភាពបច្ចុប្បន្ននឹងទទួលបានអាសនៈអតិបរមា ៥៣​ នៅក្នុងសភាដែលមាន ១២០អាសនៈ ដែលមិនគ្រប់គ្រាន់សម្រាប់លោក​ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះម្តងទៀតនៅក្នុងរចនាសម្ព័ន្ធបច្ចុប្បន្ននោះទេ។ លោកបានកត់សម្គាល់ថា រដ្ឋាភិបាលចម្រុះដ៏ទូលំទូលាយ​ គឺល្អជាងរដ្ឋាភិបាលឆ្វេងនិយម “ដែលនឹងពឹងផ្អែកលើគណបក្សអារ៉ាប់”។​ យោងតាមការស្ទង់មតិ គណបក្សប្រឆាំងសំខាន់ៗនឹងអាចបង្កើតរដ្ឋាភិបាលបានលុះត្រាតែមានកិច្ចសហប្រតិបត្តិការជាមួយគណបក្សអារ៉ាប់។ ទោះជាយ៉ាងណាក៏ដោយ គណបក្សប្រឆាំងមួយចំនួន បដិសេធកិច្ចសហប្រតិបត្តិការបែបនេះ ដោយអះអាងថា គណបក្សអារ៉ាប់មិនទទួលស្គាល់អ៊ីស្រាអែល ជារដ្ឋជ្វីហនោះទេទេ។ លោក ណេតាន់យ៉ាហ៊ូ បានលេីកឡេីងថា ចេតនារបស់លោកក្នុងការបង្កើតសម្ព័ន្ធភាពទូលំទូលាយមួយមានន័យថា “ការធ្វើពហិការគ្រប់គ្រាន់ហើយ ខ្ញុំមិនធ្វើពហិការអ្នកណាទេ មនុស្សគ្រប់គ្នា អាចចូលរួមបាន”។ លោកបានបន្ថែមថា ការចូលរួមក្នុងសម្ព័ន្ធភាពបែបនេះ នឹងមានលក្ខខណ្ឌលើការទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន៕ប្រែសម្រួល​ ឈូក​ បូរ៉ា