វិស័យនាំចេញរបស់ថៃ ប្រឈមនឹងហានិភ័យពន្ធដារពីអាមេរិក ជុំវិញក្តីបារម្ភលើស្តង់ដារ ពលកម្មដោយបង្ខំ
បរទេស៖ សហរដ្ឋអាមេរិកកំពុងតែលេចឡើងជាថ្មីម្តងទៀត នូវបញ្ហាប្រឈមដ៏ធំមួយ សម្រាប់វិស័យនាំចេញរបស់ប្រទេសថៃ ចំពេលមានចលនាក្នុងការពិនិត្យមើលវិធានការ ពាណិជ្ជកម្មប្រឆាំងនឹងទំនិញរបស់ថៃ ក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ ១៩៧៤ ។ យោងតាមសារព័ត៌មាន The Star ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ក្តីបារម្ភជុំវិញបញ្ហាពលកម្មដោយបង្ខំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសនៅក្នុងឧស្សាហកម្មនេសាទ គឺស្ថិតក្នុងចំណោមបញ្ហាចម្បងៗដែលត្រូវបានលើកឡើង។ ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអាជីវកម្មថៃ ដោយសារតែសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ ហើយដើរតួយ៉ាងសំខាន់សម្រាប់ទំនិញជាច្រើនប្រភេទ ចាប់តាំងពីអាហារ និងផលិតផលកសិកម្មកែច្នៃ រហូតដល់គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ ព្រមទាំងផលិតផលឧស្សាហកម្មផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នៅមិនទាន់បានចេញសេចក្តីប្រកាសជាផ្លូវការចុងក្រោយណាមួយ ដើម្បីបញ្ជាក់ពីការដំឡើងពន្ធបន្ថែម ១២,៥% លើទំនិញថៃ ឬការចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៤ ខែកក្កដា ដូចដែលមានព័ត៌មានមួយចំនួនបានចែកចាយនោះឡើយ។ អត្រាពន្ធដែលបានស្នើឡើងនេះ នៅតែស្ថិតក្រោមការពិនិត្យ និងការចរចានៅឡើយ។ មាត្រា ៣០១ គឺជាឧបករណ៍ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការចាត់វិធានការសងសឹកប្រឆាំងនឹងដៃគូពាណិជ្ជកម្ម ប្រសិនបើខ្លួនយល់ឃើញថា គោលនយោបាយ បទប្បញ្ញត្តិ ឬការអនុវត្តរបស់ប្រទេសទាំងនោះ កំពុងជះឥទ្ធិពលដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed