រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថា អាមេរិកនៅតែបើកចំហចំពោះកិច្ចចរចាជម្លោះអ៊ីរ៉ង់ ខណៈដែលការគំរាមកំហែងផ្លូវទឹកបានបង្អាក់ការដឹកជញ្ជូនប្រេង

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានថ្លែងនៅថ្ងៃពុធថា សហរដ្ឋអាមេរិកនៅតែមានឆន្ទៈក្នុងការចរចាដើម្បីបញ្ចប់វិបត្តិនៅអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់មិនមានភាពម៉ឺងម៉ាត់ចំពោះកិច្ចពិភាក្សានោះទេ ខណៈដែលជម្លោះដែលកំពុងរីករាលដាលយ៉ាងខ្លាំងនេះ បានបង្កការរំខានដល់ចំណុចយុទ្ធសាស្ត្រថាមពលដ៏សំខាន់បំផុតចំនួនពីរនៅលើពិភពលោក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា លោក រូប៊ីអូ បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន មួយថ្ងៃបន្ទាប់ពីនាវាដឹកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតចំនួនបីគ្រឿង ដែលឆ្ពោះទៅកាន់តំបន់អាស៊ី បានបង្វែរទិសដៅត្រឡប់ក្រោយវិញនៅក្នុងសមុទ្រក្រហម ដែលមើលទៅហាក់ដូចជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីក្រុមហ៊ូធី (Houthis) នៅយេម៉ែន ដែលមាននិន្នាការទៅរកអ៊ីរ៉ង់។ ក្រុមហ៊ូធី ដែលគ្រប់គ្រងតំបន់ឆ្នេរនៅមាត់សមុទ្រក្រហម បានប្រកាសពីការបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទ ដែលនេះបានបើកការប្រឈមមុខថ្មីមួយទៀតនៅក្នុងសង្គ្រាម ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ឈូងសមុទ្រ ចាប់តាំងពីវាបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ តាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ ខណៈដែលអ៊ីរ៉ង់បានកំពុងគំរាមកំហែងដល់ការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ ហរមូស (Strait of Hormuz) ដែលជាច្រកចេញពីតំបន់ឈូងសមុទ្រទៅហើយនោះ សមុទ្រក្រហមបានដើរតួជាផ្លូវជំនួសដ៏សំខាន់សម្រាប់ប្រេងរបស់អារ៉ាប៊ីសាអូឌីតរាប់លានបារ៉ែលក្នុងមួយថ្ងៃ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់បានទទួលសំណើពីក្រុមអ្នកសម្របសម្រួលសម្រាប់បទឈប់បាញ់រយៈពេល ១០ថ្ងៃ ក្នុងកិច្ចប្រឹងប្រែងដើម្បីសង្គ្រោះកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ន ដែលត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីខែមិថុនា ដែលកិច្ចព្រមព្រៀងនេះបានមកជំនួសបទឈប់បាញ់មុនកាលពីខែមេសា។ ប្រែសម្រួលៈ ណៃ តុលា