វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីអ្វីដែលលោកបានពិពណ៌នាថាជា “ប្រតិបត្តិការសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានប្រឆាំងនឹងប្រទេសណាមួយ”។ លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្ដាញ Truth Social របស់លោកថា “នេះនឹងជាសង្គ្រាមសេដ្ឋកិច្ច និងការឯកោក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក” ដោយចោទប្រកាន់អ៊ីរ៉ង់ថាបរាជ័យក្នុងការឆ្លៀតឱកាស ដើម្បីធ្វើកិច្ចព្រមព្រៀង។ លោកបានលេីកឡេីងថា “កងទ័ពជើងទឹករបស់ពួកគេបានបាត់ទៅហើយ កងទ័ពអាកាសរបស់ពួកគេត្រូវបានបំផ្លាញ រោងចក្រយោធារបស់ពួកគេឥឡូវនេះត្រូវបានកម្ទេចចោល រូបិយប័ណ្ណរបស់ពួកគេគ្មានតម្លៃ ហើយប្រទេសរបស់ពួកគេកំពុងព្យួរដោយខ្សែស្រឡាយ”។ លោកបានបន្ថែមថា “ថ្ងៃនេះ ខ្ញុំក៏កំពុងប្រកាសផងដែរថា ប្រទេសណាមួយដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬអង្គភាពរដ្ឋាភិបាលរបស់ខ្លួនផ្តល់ខ្សែជីវិតគ្រប់ប្រភេទដល់អ៊ីរ៉ង់ នឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចដ៏ធំធេង”។ ដោយអះអាងថា នេះនឹងជា «ទិវាសេដ្ឋកិច្ច D-DAY» លោកបានជំរុញឱ្យសម្ព័ន្ធមិត្តឈរជាមួយសហរដ្ឋអាមេរិក ដើម្បី «បំបែក និងលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់»។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែមានភាពមិនចុះសម្រុងគ្នា លើច្រកសមុទ្រហ័រមូស និងលក្ខខណ្ឌ សម្រាប់ការបញ្ចប់ជម្លោះ ដោយអនាគត នៃការចរចាមិនប្រាកដប្រជា បន្ទាប់ពីរយៈពេលចរចា ៦០ថ្ងៃដែលកំណត់ក្រោមអនុស្សរណៈ នៃការយោគយល់គ្នាបានបញ្ចប់នៅថ្ងៃចន្ទ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed