​ អាមេរិក​ ត្រៀមដកកងទ័ពចេញ ពីប្រទេសនីហ្សេរីយ៉ា

វ៉ាស៊ីនតោន៖ កាសែត The New York Times (NYT) បានរាយការណ៍ថា មន្ទីរបញ្ចកោណ​ កំពុងរៀបចំដកកងទ័ពអាមេរិកប្រហែល ២០០ នាក់ចេញពីប្រទេសនីហ្សេរីយ៉ា​ នៅចុងខែកញ្ញា។ យោងតាមរបាយការណ៍របស់ស្ថាប័នព័ត៌មាន​ ដែលដកស្រង់សម្តីមន្ត្រីយោធាអាមេរិក ក្រុមតូចៗនៃគ្រូបង្វឹកអាមេរិក និងអ្នកវិភាគចារកម្មត្រូវបានគេរំពឹងថា​ នឹងនៅដដែលបន្ទាប់ពីក្រុមធំៗចាកចេញ។ របាយការណ៍នេះបានឧ្យដឹងថា កងទ័ពអាមេរិក ត្រូវបានបញ្ជូនទៅភាគឦសានប្រទេសនីហ្សេរីយ៉ា​ ក្នុងខែកុម្ភៈ ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ប្រទេសនេះ​ ចំពោះការបរាជ័យក្នុងការការពារគ្រិស្តបរិស័ទ ពីការវាយប្រហារភេរវកម្ម ទោះបីជាទាំងគ្រិស្តបរិស័ទ និងមូស្លីមជាជនរងគ្រោះនៃអំពើហិង្សាក៏ដោយ។ យោងតាមរបាយការណ៍នេះ បេសកកម្មរបស់កងទ័ពអាមេរិក​ ហាក់ដូចជាទទួលបានជោគជ័យមានកម្រិត ដែលបានកត់សម្គាល់ថា នៅថ្ងៃសៅរ៍ ខ្មាន់កាំភ្លើងបានបើកការវាយប្រហារដ៏ធំមួយ លើមូលដ្ឋានយោធាមួយនៅភាគឦសាននៃប្រទេសនេះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សជាង ២៤​នាក់ នៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា និងយ៉ាងហោចណាស់មនុស្ស ២៥នាក់ នៅក្នុងការវាយប្រហារលើភូមិមួយ នៅកណ្តាលប្រទេស៕