តើអាវុធមីស៊ីល DF របស់ចិន ត្រូវបានប្រើប្រាស់ជាលើកដំបូង នៅតំបន់មជ្ឈិមបូព៌ាឬយ៉ាងណា?

​បរទេស៖ ជាលើកដំបូងហើយ ដែលបំណែកនៃមីស៊ីលផ្លោងរយៈចម្ងាយខ្លី (Short-range ballistic missile) ផលិតដោយប្រទេសចិន ត្រូវបានគេរកឃើញនៅក្នុងប្រទេសយេម៉ែន (Yemen)។ របកគំហើញនេះបានផ្តល់ជាតម្រុយបញ្ជាក់ថា ប្រព័ន្ធសព្វាវុធរបស់ចិនអាចនឹងត្រូវបានគេយកទៅប្រើប្រាស់ នៅក្នុងជម្លោះប្រដាប់អាវុធដ៏ក្តៅគគុក រវាងប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទី (Houthis) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ​ការរកឃើញភស្តុតាង យោងតាមវីដេអូឃ្លីបជាច្រើន ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមកាលពីសប្តាហ៍មុន បានបង្ហាញពីរូបភាពបំណែកកន្ទុយរុញច្រាន (Booster stage) នៃមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់។ ​អត្តសញ្ញាណមីស៊ីល នៅលើបំណែកសព្វាវុធនោះ មានសរសេរអក្សរបញ្ជាក់យ៉ាងច្បាស់ថា “DF-15A” ដែលជាទូទៅត្រូវបានគេស្គាល់ថាជាប្រភេទមីស៊ីលរបស់ប្រទេសចិន។ ទីតាំងរកឃើញ បំណែកមីស៊ីលនេះ ត្រូវបានរកឃើញនៅក្នុងស្រុក Raghwan នៃខេត្ត Marib ដែលមានចម្ងាយប្រមាណ ១៧០ គីឡូម៉ែត្រ (ធ្វើដំណើរតាមផ្លូវគោក) ពីរដ្ឋធានីសាណា (Sanaa) របស់ប្រទេសយេម៉ែន។ ​ការលេចចេញនូវភស្តុតាងនេះ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកសង្កេតការណ៍អន្តរជាតិ អំពីវត្តមាន និងលទ្ធភាពនៃការប្រើប្រាស់អាវុធយុទ្ធសាស្ត្ររបស់ចិន នៅក្នុងតំបន់សង្គ្រាមមជ្ឈិមបូព៌ា។ ប្រែសម្រួល៖ គីរី