​ រុស្ស៊ី​ អះអាងថា ការពង្រឹងសមត្ថភាព យោធារបស់ជប៉ុន​ គំរាមកំហែងដល់សន្តិសុខ ជាតិរបស់ខ្លួន

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី​ បានឧ្យដឹងថា ការពង្រឹងសមត្ថភាពយោធាឡើងវិញរបស់ជប៉ុន និងការដាក់ពង្រាយមីស៊ីលនៅជិតព្រំដែនរុស្ស៊ី បង្កជាការគំរាមកំហែង ដល់សន្តិសុខជាតិរបស់រុស្ស៊ី។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅរុស្ស៊ី លោក Akira Muto អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានសម្តែងការព្រួយបារម្ភ​ ចំពោះសកម្មភាព យោធារបស់ជប៉ុន​ ដែលកំពុងពង្រីកជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត នៅជិតព្រំដែនភាគខាងកើតឆ្ងាយរបស់រុស្ស៊ី ក៏ដូចជាការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅលើទឹកដីជប៉ុន។ ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រាល់សកម្មភាពទាំងនេះបង្កជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ី ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីឦសាន»។ ក្រសួងបានព្រមានថា ប្រសិនបើសកម្មភាព បែបនេះនៅតែបន្ត រុស្ស៊ីនឹងចាត់វិធានការតបតដែលចាំបាច់ ដើម្បីរក្សាកម្រិតសមត្ថភាពការពារជាតិ របស់ខ្លួនឱ្យបានគ្រប់គ្រាន់។ ភាគីរុស្ស៊ីក៏បានរិះគន់ផងដែរ​ ចំពោះជំហរប្រឆាំងរុស្ស៊ី​ ដែលជប៉ុននៅតែបន្តរក្សា រួមទាំងការតវ៉ារបស់ជប៉ុនជុំវិញ ដំណើរទស្សនកិច្ចថ្មីៗរបស់ប្រធានាធិបតីរុស្ស៊ី លោក​ វ្លាឌីមៀ​ ពូទីន ទៅកាន់កោះ Kuril ភាគខាងត្បូង (ដែលជប៉ុនហៅថាទឹកដីភាគខាងជើង) ក៏ដូចជាការបង្កើនជំនួយយោធារបស់ជប៉ុន​ ដល់ទីក្រុងគៀវ៕