​ ចិន​ ជំរុញឱ្យហ្វីលីពីន គោរពគោលការណ៍ ចិនតែមួយ​ តាមរយៈសកម្មភាពជាក់ស្តែង

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឧ្យដឹងថា ភាគីចិន​ បានជំរុញឱ្យហ្វីលីពីនគោរពគោលការណ៍ «ចិនតែមួយ» តាមរយៈសកម្មភាពជាក់ស្តែង និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងរវាងចិន និងហ្វីលីពីន។ លោក Guo Jiakun ដែលជាអ្នកនាំពាក្យ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា អាជ្ញាធរតៃវ៉ាន់​ មានគម្រោងបង្កើត «ការិយាល័យតំណាង» មួយនៅក្នុងខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន ដែលនឹងដើរតួជាវេទិកា​ សម្រាប់ពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅតាមរយៈ «ច្រករបៀងសេដ្ឋកិច្ចតៃវ៉ាន់-ហ្វីលីពីន»។ លោកបានបន្ថែមថា ទោះបីជាអាជ្ញាធរនៃគណបក្ស Democratic Progressive Party (DPP) សហការជាមួយកម្លាំងខាងក្រៅដើម្បីស្វែងរក «របកគំហើញផ្នែកការទូត» និងជំរុញរបៀបវារៈនៃការបំបែកខ្លួនរបស់ពួកគេក្នុងទម្រង់ណាក៏ដោយ ក៏ការប៉ុនប៉ងទាំងនោះនឹងឥតប្រយោជន៍ ហេីយនឹងត្រូវបរាជ័យជាស្ថាពរ៕ប្រែសម្រួល​ ឈូក​ បូរ៉ា