ប្រធានាធិបតីកូរ៉េខាងត្បូង បដិសេធលទ្ធភាព នៃការចូលរួមផ្នែកយោធា ក្នុងជម្លោះនៅមជ្ឈិមបូព៌ា
បរទេស៖ លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃសុក្រថា លោកនឹងមិនបញ្ជូនកងកម្លាំងយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងលក្ខណៈដែលអាចទាញប្រទេសនេះ ឱ្យធ្លាក់ចូលទៅក្នុងជម្លោះនោះទេ ប៉ុន្តែទីក្រុងសេអ៊ូលកំពុងពិចារណាថា តើត្រូវដើរតួនាទីកាន់តែធំក្នុងការធានាសុវត្ថិភាព នៃការធ្វើនាវាចរណ៍នៅក្នុងតំបន់នេះដែរឬទេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា កូរ៉េខាងត្បូងបានរក្សាវត្តមានកងទ័ពជើងទឹក នៅឯឆ្នេរសមុទ្រប្រទេសសូម៉ាលី ដើម្បីបំពេញ បេសកកម្មប្រឆាំងនឹងចោរសមុទ្រ ខណៈដែលកូរ៉េខាងត្បូងផ្ទាល់គឺបានបដិសេធ ការអំពាវនាវពីប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យចូលរួមសកម្មភាពយោធាកាន់តែខ្លាំងក្លា ដើម្បីគាំទ្រទីក្រុងវ៉ាស៊ីនតោនក្នុងជម្លោះជាមួយអ៊ីរ៉ង់។ លោក Lee បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នឹងមិនមានការបញ្ជូនកងកម្លាំងដែលនាំឱ្យពាក់ព័ន្ធ ឬចូលរួមក្នុងសង្គ្រាមនោះទេ។ ខ្ញុំអាចបញ្ជាក់រឿងនេះបានយ៉ាងច្បាស់។ យើងនឹងមិនបញ្ជូនកងកម្លាំងយោធាក្នុងទម្រង់ណាមួយសម្រាប់គោលបំណងនោះឡើយ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា៖ «វាក៏ច្បាស់ដែរថា យើងត្រូវតែចាត់វិធានការចាំបាច់ជាអប្បបរមា ដូចដែលប្រទេសដទៃទៀតបានធ្វើ ដើម្បីការពារនាវាដឹកជញ្ជូនពាណិជ្ជកម្ម និងការដឹកជញ្ជូនប្រេងឆៅរបស់យើង ព្រមទាំងធានាសុវត្ថិភាពរបស់ប្រជាជនយើងផងដែរ»។ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណាលើលទ្ធភាពនៃការបញ្ជូនកងកម្លាំងយោធាទៅកាន់ច្រកសមុទ្រ Hormuz ទោះបីជាគំនិតនេះមិនទទួលបានការគាំទ្រច្រើននៅក្នុងប្រទេសក៏ដោយ។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed