ព្រីតថេន កំពុងស៊ើបអង្កេតការ ជាប់ពាក់ព័ន្ធរបស់រដ្ឋបរទេស នៅក្នុងផែនការដែលគេសង្ស័យថា មានគោលដៅលើមូលដ្ឋានទ័ព អាកាសអាមេរិក ចំណែកជនសង្ស័យ នឹងត្រូវដោះលែង

បរទេស ៖ ប៉ូលិសព្រីតថេន (អង់គ្លេស) បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេកំពុងស៊ើបអង្កេតថាតើមានបុគ្គល ដែលធ្វើសកម្មភាពក្នុងនាមរដ្ឋបរទេស ពាក់ព័ន្ធនឹងផែនការវាយប្រហារ លើមូលដ្ឋានទ័ពអាកាសមួយដែលប្រើប្រាស់ ដោយសហរដ្ឋអាមេរិកដែរឬទេ ប៉ុន្តែបានបញ្ជាក់ថា ជនសង្ស័យទាំង ៥ នាក់ដែលត្រូវបានចាប់ខ្លួននោះ នឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា បុរស ដែលជាជនសង្ស័យទាំង ៥ នាក់នោះ ដែលសុទ្ធសឹងជាពលរដ្ឋ អង់គ្លេសមកពីរដ្ឋធានីឡុងដ៍ និង មានអាយុប្រហែលជាង ២០ ឆ្នាំ បានត្រូវឃាត់ខ្លួនកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ បន្ទាប់ពីប៉ូលិសទទួលបានដំណឹង ពីកសិករក្នុងតំបន់ម្នាក់ អំពីរថយន្តវ៉ែន ពណ៌សចំនួន ៣ គ្រឿងដែលបើកឆ្ពោះទៅកាន់មូលដ្ឋាន RAF Fairford ដែលជាមូលដ្ឋានទ័ពព្រីតថេន សម្រាប់ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលហោះហើរធ្វើបេសកកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ចំណែកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ធ្លាប់បាននិយាយកាលពីខែកក្កដាថា មូលដ្ឋានទ័ពនោះគឺជាគោលដៅវាយប្រហារដ៏ត្រឹមត្រូវមួយ។ លោក Laurence Taylor ដែលជាប្រធានផ្នែកប៉ូលិសប្រឆាំងភេរវកម្មរបស់ព្រីតថេន បាននិយាយថា បុរសទាំងនោះ ដែលត្រូវបានចាប់ខ្លួនដោយសារការសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងផ្ទុះ និងការរៀបចំផែនការវាយប្រហារភេរវកម្ម នឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្រោមលក្ខខណ្ឌតឹងរ៉ឹងនៅថ្ងៃចន្ទនេះ។