ភ្នំពេញ ៖ លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងថា គម្រោង ការផលិតស្ថិតិតាមតំបន់ នឹងក្លាយទៅជាយន្ដការជំរុញថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកកម្ពស់ និងគាំទ្រទៅដល់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «មូលដ្ឋានគ្រឹះនៃការប្រើប្រាស់កម្មវិធី SPSS សម្រាប់វិភាគស្ថិតិតាមតំបន់» នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក កង សូសាទី បានឲ្យដឹងថា ទោះបីជាវិទ្យាស្ថានជាតិស្ថិតិ បានផលិតចេញនូវ ទិន្នន័យច្រើនប្រភេទ ច្រើនទម្រង់ និងច្រើន វិស័យនៅកម្រិតថ្នាក់ជាតិ សម្រាប់បម្រើ ជូនសេចក្តីត្រូវការ របស់អ្នកប្រើប្រាស់យ៉ាងណាក៏ដោយ ក៏ទិន្នន័យ ដែលបានប្រមូលតាមរយៈការធ្វើជំរឿន និងអង្កេតនៅពុំទាន់ បានផលិតចេញឲ្យអស់នូវសក្តានុពលរបស់ ទិន្នន័យដែលខំប្រឹងប្រែងធ្វើជំរឿននោះទេ។
លោក បន្ដថា ដោយស្វែង យល់ដឹងអំពីមូលហេតុនេះហើយ ទើបវិទ្យាស្ថានជាតិស្ថិតិ តាមរយៈនាយកដ្ឋានស្ថិតិសង្គមកិច្ច បានខិតខំបង្កើតឲ្យមាន គម្រោងថ្មីមួយទៀត គឺ ការផលិតស្ថិតិតាមតំបន់ (Small Area Statistics) ដែលមានគោលដៅ គ្របដណ្ដប់នៅគ្រប់រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា នាឆ្នាំបន្តបន្ទាប់ ក្នុងគោលបំណងធ្វើយ៉ាងណាផលិត និងប្រើប្រាស់ទិន្នន័យទាំងអស់របស់ជំរឿន និងអង្កេតទាំងឡាយឲ្យអស់សក្តានុពល និងឲ្យអស់ផលប្រយោជន៍ របស់ទិន្នន័យ ដែលយើងបានប្រមូល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់ ទិន្នន័យគ្រប់ស្រទាប់ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ។

លោក បញ្ជាក់ថា «គម្រោង ការផលិតស្ថិតិតាមតំបន់ នឹងក្លាយទៅជាយន្តការជំរុញថ្មីមួយទៀត ក្នុងការចូលរួម ចំណែកលើកកម្ពស់ និងគាំទ្រទៅដល់គោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់វិទ្យាស្ថានជាតិ ស្ថិតិដែលបានចែង នៅក្នុងច្បាប់ស្តីពីស្ថិតិ តាមរយៈការពង្រឹង សមត្ថភាពមន្តី្រ ផែនការ និងស្ថិតិនៅតាមរាជធានី ខេត្តទូទាំងប្រទេស ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតទិន្នន័យ ស្ថិតិឲ្យដល់កម្រិតទាប បំផុតគឺភូមិ ឃុំ សង្កាត់ និងស្រុក ខណ្ឌ ក្រុង សម្រាប់ជួយដល់អ្នកធ្វើសេចក្ដីសម្រេចចិត្ត និងអ្នកកសាងផែនការ អភិវឌ្ឍន៍នៅកម្រិតមូលដ្ឋាននៃថ្នាក់ក្រោមជាតិ»។

ជាងនេះទៅទៀត លោក រដ្ឋលេខាធិការ ក៏បានលើកឡើងថា បច្ចុប្បន្ននេះ និងជាបណ្តើរៗ តាមរយៈ ការអនុវត្តគោលនយោបាយវិសហមជ្ឈការនេះ វិទ្យាស្ថានជាតិស្ថិតិបាននិងកំពុងធ្វើប្រតិភូកម្មការងារស្ថិតិមួយចំនួន ឲ្យទៅដល់ថ្នាក់ក្រោមជាតិ ដែលមានមន្ទីរផែនការជាអ្នកអនុវត្ត ដូចជា បានឲ្យខេត្តមួយចំនួន បញ្ចូល ទិន្នន័យជំរឿនប្រជាជន និងជំរឿនសេដ្ឋកិច្ច និងគ្រោងឲ្យមានការវិភាគ ទិន្នន័យនៅថ្នាក់ក្រោមជាតិ៕
