ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងកាត់បន្ថយ ការផ្គត់ផ្គង់ឧស្ម័ន ដល់ហ្វាំងឡង់ ចាប់ពីថ្ងៃសៅរ៍នេះ

ម៉ូស្គូ៖ ក្រុកហ៊ុននាំចេញឧស្ម័ន Gazprom របស់រុស្ស៊ីនឹងផ្អាកការចែកចាយឧស្ម័ន ទៅកាន់ប្រទេសហ្វាំងឡង់ចាប់ពីថ្ងៃសៅរ៍នេះ ព្រោះខ្លួនមិនបានទទួលការ ទូទាត់ចាំបាច់ជាប្រាក់រូបល ពីក្រុមហ៊ុនថាមពលរដ្ឋរបស់ហ្វាំងឡង់ Gasum ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់សម្តីរបស់ Gazprom Export ថា “នៅចុងថ្ងៃធ្វើការនៅថ្ងៃទី២០ ខែឧសភា (ថ្ងៃផុតកំណត់នៃការទូទាត់ ដែលកំណត់ដោយកិច្ចសន្យា) Gazprom Export មិនបានទទួលការទូទាត់ណាមួយពី Gasum សម្រាប់ឧស្ម័ន ដែលបានផ្គត់ផ្គង់នៅក្នុងខែមេសានោះទេ” ។

ប្រភពបានឲ្យដឹងថា “ក្រុមហ៊ុន Gazprom Export បានជូនដំណឹងដល់ក្រុមហ៊ុន Gasum អំពីការផ្អាកការផ្គត់ផ្គង់ឧស្ម័ន ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ រហូតដល់ការទូទាត់ត្រូវបានធ្វើឡើង ស្របតាមនីតិវិធីដែលបង្កើតឡើងដោយក្រឹត្យ”។

ក្រុមហ៊ុន Gazprom Export បានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន Gasum កាលពីខែមេសា ដោយតម្រូវឱ្យក្រុមហ៊ុនបង់ប្រាក់ សម្រាប់ហ្គាសជាប្រាក់រូបល ជំនួសឱ្យប្រាក់អឺរ៉ូ។ យោងតាមក្រុមហ៊ុនថាមពលហ្វាំងឡង់ បានឱ្យដឹងថា “ក្រុមហ៊ុន Gasum មិនបានទទួលយកការផ្តល់ជូន របស់ក្រុមហ៊ុនរុស្ស៊ីនោះទេ ហើយបានអនុវត្តទៅមជ្ឈត្តកម្ម ទាក់ទងនឹងកិច្ចសន្យា” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top