ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធី សម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃ២០កញ្ញានេះ បានបញ្ជាក់ថា ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុប នាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed