ក្រុមហ៊ុនជប៉ុន គ្រោងផលិតវីដេអូផ្សព្វផ្សាយ ពីសក្តានុ ពលគោលដៅទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្រ្តធម្មជាតិរបស់កម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន TBS Holdings ដែលជាក្រុមហ៊ុន មានបណ្តាញទូរទស្សន៍ជាង២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង១០លាននាក់ នៅប្រទេសជប៉ុន មានគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយ ពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្រ្តធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុកផងដែរ។ គម្រោងនេះត្រូវបានលើកឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក KATO Kazunori (សមាគមជប៉ុនកម្ពុជា) ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក Mei TAKEUCHI តំណាងក្រុមហ៊ុន TBS Holdings និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី១៥ តុលា ។ គម្រោងផលិតឃ្លីបវីដេអូនេះ ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជប៉ុនឲ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុន ក៏ដូចជាអន្តរជាតិដទៃទៀត មកទស្សនាកម្ពុជាឲ្យបានច្រើន រួមទាំងគម្រោងរៀបចំវេទិកាជំនួបធុរកិច្ច ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា និងការបង្កើនជើងហោះហើរត្រង់ ពីជប៉ុនមកកម្ពុជាបន្ថែម ទៀត៕