មន្ត្រីអត្តសញ្ញាណកម្ម ផ្ដល់សេវាជូនពលរដ្ឋជាង ៩ពាន់សេវាទៀត ក្នុងសប្ដាហ៍នេះ

ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃ១៩ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម បានផ្តល់សេវាអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង ៩ពាន់សេវា ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារៈសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរ គ្រប់រូបសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់ ជាមូលដ្ឋានរបស់បុគ្គល។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា ប្រសិនបើពលរដ្ឋខ្មែរណាម្នាក់ ប្រើប្រាស់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ ធ្វើឱ្យខូចខាតអសារបង់ ដែលជាការខ្ជះខ្ជាយ ការចំណាយរបស់រដ្ឋ ពីព្រោះរាជរដ្ឋាភិបាល បានទទួលបន្ទុក ចំណាយទាំងស្រុងទៅលើការផលិត និងផ្តល់ជូនប្រជាពលរដ្ឋ គ្រប់រូបដោយឥតគិតថ្លៃ។ ដោយឡែកពីសេវាអត្តសញ្ញាណប័ណ្ណ ក្នុងសប្ដាហ៍នេះដូចគ្នា មន្រ្តីអត្តសញ្ញាណកម្ម បានផ្តល់សេវាលិខិតឆ្លងដែនមានចំនួន ៦.៨៥៥ច្បាប់ លិខិតធ្វើដំណើរមាន២.៣៧០ ច្បាប់ សៀវភៅស្នាក់នៅមាន២.១៨៤ក្បាល និងសៀវភៅគ្រួសារ មាន២.៣០៨ក្បាលផងដែរ៕