ក្រសួងសុខាភិបាល ឲ្យពិនិត្យបន្ទាន់ លើមូលដ្ឋានសុខាភិបាល ឯកជន ទាំងអស់កំពុងផ្តល់សេវា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ណែនាំឲ្យគ្រប់អភិបាលរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យជាបន្ទាន់ និងបន្តត្រួតពិនិត្យជាទៀងទាត់ លើមូលដ្ឋានសុខាភិបាលឯកជន ទាំងអស់ ដែលកំពុងផ្តល់សេវា ដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈ របស់បុគ្គលិកបច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់ សម្រាប់អ្នកជំងឺ ។ នេះបើយោងតាមលិខិតចុះថ្ងៃ២០ វិច្ឆិកាផ្ញើទៅអភិបាលរាជធានី-ខេត្ត។ ក្នុងលិខិតក៏ត្រូវឲ្យបញ្ឈប់ ជាបន្ទាន់ផងដែរទៅលើគ្លីនិកឯកជន គ្មានលិខិតអនុញ្ញាតពីក្រសួង។ ការលើកឡើងរបស់ក្រសួងនេះ បន្ទាប់ពីម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភពសុងហាក់ម៉ារីណា២នាក់ ប្តីប្រពន្ធបានចាក់ថ្នាំប្រតិកម្ម បណ្តាលឲ្យស្រ្តីម្នាកស្លាប់ហើយដឹក យកទៅទំលាក់ចោល ដោយមានកូនតូចអាយុ៣ឆ្នាំនៅជាមួយម្តាយ កាលពីថ្ងៃ២០ វច្ឆិកាហើយនៅថ្ងៃ២២ វិច្ឆិកានេះ តុលាការក៏សម្រេចឃុំខ្លួន បណ្ដោះអាសន្ន គ្រូពេទ្យ២នាក់ក្នុងសំណុំរឿង ចាក់ថ្នាំស្លាប់មនុស្ស៕