ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum បានសម្តែងការត្រៀមខ្លួនសម្រាប់ការនិរទេសជនចំណាកស្រុកដ៏ច្រើនរបស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបង្ហាញថានឹងកើតឡើងនៅពេលលោកចូលកាន់តំណែង។
លោកស្រី Sheinbaum បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានពេលព្រឹកប្រចាំថ្ងៃថា “ក្នុងករណីមានការនិរទេស យើងនឹងទទួលជនជាតិម៉ិកស៊ិក ហើយយើងមានផែនការ សម្រាប់រឿងនេះ” ។
ដោយបង្ហាញពីការមិនពេញចិត្តរបស់លោកស្រីចំពោះ “ជនចំណាកស្រុកត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន” នោះហើយជាមូលហេតុ ដែលស្ថាប័នយុត្តិធម៌មាននៅគ្រប់ទីកន្លែងជុំវិញពិភពលោកដើម្បីការពារសិទ្ធិជាមូលដ្ឋាន។
លោកស្រីបានលើកឡើងថា រដ្ឋាភិបាលកំពុងពង្រឹងបណ្តាញកុងស៊ុលម៉ិកស៊ិកនៅសហរដ្ឋអាមេរិក ដើម្បីការពារជនចំណាកស្រុកឱ្យកាន់តែប្រសើរឡើង ដែលមានហានិភ័យនៃការនិរទេស។
នៅប៉ុន្មានថ្ងៃខាងមុខនេះលោកស្រី Sheinbaum នឹងជួបជាមួយគណៈរដ្ឋមន្ត្រីរបស់លោកស្រី ដើម្បីពិនិត្យមើលបញ្ហាទ្វេភាគី ដែលចាំបាច់ត្រូវដោះស្រាយជាមួយក្រុមរបស់លោក ត្រាំ រួមមាន អន្តោប្រវេសន៍ សន្តិសុខ ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា៕
ប្រែសម្រួល ឈូក បូរ៉ា