បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋលោកខាងលិចជាច្រើនបានសន្យាថា នឹងអនុវត្តដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC កាលពីពេលថ្មីៗនេះ។
តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេកាលពីថ្ងៃព្រហស្បតិ៍ បានចេញដីកាចាប់ខ្លួនលោក Netanyahu រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant និងមេបញ្ជាការក្រុម Hamas លោក Ibrahim al-Masri ផងដែរ។
ទីក្រុងយេរូសាឡឹមបានអះអាងថា al-Masri បានបាត់បង់ជីវិតទៅហើយហើយ ដីកានេះគឺសម្រាប់បទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់ពាក់ព័ន្ធនឹងជម្លោះហ្គាហ្សាប៉ុណ្ណោះ។
ការសម្រេចចិត្តនេះបានធ្វើឲ្យមានប្រតិកម្មចម្រុះ នៅលោកខាងលិចដោយប្រទេសជាច្រើន បានសង្កត់ធ្ងន់លើការគោរពរបស់ពួកគេ ចំពោះឯករាជ្យភាពរបស់តុលាការ ខណៈដែលប្រទេសផ្សេងទៀត បានសម្តែងការគាំទ្រដល់អ៊ីស្រាអែល។
គួរឲ្យដឹងដែរថាប្រទេសហូឡង់ ស្វីស អៀរឡង់ អ៊ីតាលី ស៊ុយអែត បែលហ្ស៊ិក និងន័រវេស សុទ្ធតែបានអះអាងថា ពួកគេនឹងបំពេញតាមការសន្យា និងកាតព្វកិច្ចរបស់ពួកគេក្រោមលក្ខន្តិកៈទីក្រុងរ៉ូម និងច្បាប់អន្តរជាតិ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី Guido Crosetto បានសង្កត់ធ្ងន់ថា ICC គឺ បានសម្រេចចិត្តខុសក្នុងការដាក់លោក Netanyahu និង Gallant នៅកម្រិតដូចគ្នាជាមួយក្រុម Hamas ។
ខណៈពេលជាមួយគ្នានេះប្រទេសអូទ្រីស ក៏បាននិយាយផងដែរថា ខ្លួននឹងគោរពតាមការសម្រេចចិត្តនេះ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក Alexander Schallenberg បានបន្ថែមថា ដីកានេះគឺ មិនអាចទទួលយកបានទាំងស្រុងនោះទេ ៕
ប្រែសម្រួល៖ ស៊ុន លី