ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ច នៅប្រទេសចិន រយៈពេល៤ថ្ងៃ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោកឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយ ឥស្សរជនចិនផ្សេងទៀត។ ស្របពេលដែលឆ្នាំ ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ៕