អ្នកនាំពាក្យរដ្ឋសភាខ្មែរ៖ ការសម្រេចរបស់សភាអឺរ៉ុប ជាការយល់ច្រឡំ និងមានភាពលំអៀង

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំងចំពោះការ សម្រេចចិត្តរបស់សភាអឺរ៉ុបឲ្យមានការសើរើEBA និងដាក់ទណ្ឌកម្មកម្ពុជា។ កាល​ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា សភា​អឺរ៉ុបបាន​អនុម័ត​សេចក្តី​សម្រេច​ថ្មី​មួយ​ ឲ្យមានការសើរើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ចំនួន ៨០% និង​ដាក់​ទណ្ឌកម្មមកលើរាជ​រដ្ឋាភិបាល​កម្ពុជា។ សភា​អឺរ៉ុប បានលើកឡើងពាក់ព័ន្ធអង្គការសង្គមស៊ីវិល ទាមទារឲ្យដោះលែងអ្នកទោសនយោបាយ សកម្មជន បរិស្ថាន និងអ្នកសារព័ត៌មាន។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា នាថ្ងៃ២៩ ធ្នូ បានឲ្យដឹងថា “ចំពោះសេចក្តីសម្រេចរបស់សភា​អឺរ៉ុប​ ជាការយល់ច្រឡំនិងមានភាពលំអៀង ដោយផ្អែកលើព័ត៌មានមិនពិត និងរបាយការណ៍តែម្ខាង”។ សម្រាប់ការអំពាវនាវរបស់សភា​អឺរ៉ុបនោះ អ្នកនាំពាក្យរដ្ឋសភាគូសបញ្ជាក់ថា នៅកម្ពុជាពុំមានអ្នកទោសនយោបាយនោះទេ។ ការលើកឡើងថា អាជ្ញាធរកំពុងប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ជាវិធីបំបិទមាត់សង្គមស៊ីវិល គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។ រដ្ឋសភាបញ្ជាក់ទៀតថា ចំពោះលំនយោបាយ និងសង្គមស៊ីវិល គឺមានលក្ខណៈសេរី និងបើកចំហរដែល មិនអាចប្រកែកបានតាមរយៈ វត្តមានដ៏ច្រើននៃអង្គការ សង្គមស៊ីវិលជាង៦ពាន់ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕