បារាំង នឹងតាមដានយកចិត្តទុកដាក់ លើការស៊ើបអង្កេតរបស់អាជ្ញាធរថៃ ជុំវិញឃាតកម្មលោក លឹម គិមយ៉ា

ភ្នំពេញ ៖ ប្រទេសបារាំង នឹងតាមដានដោយយកចិត្តទុកដាក់បំផុស លើការស៊ើបអង្កេតរបស់អាជ្ញាធរថៃ ជុំវិញឃាតកម្មលោក លឹម គិមយ៉ាដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីពេលថ្មីៗនេះ ។ ការប្រកាសជំហររបស់បារាំងនេះ ដោយសារលោក លឹម គិមយ៉ាគឺជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង ខណៈអតីតតំណាងរាស្រ្តរូបនេះ បានរស់នៅលើទឹកដីបារាំងជាង ៥០ឆ្នាំមកហើយ តាំងពីអំឡុងឆ្នាំ១៩៧០ ពោលមុនរបបខ្មែរក្រហមចូលមកដល់ ។ បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃ៩ មករា បានបង្ហាញពីសេចក្តីថ្លែងការណ៍ របស់ក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំងជុំវិញឃាតកម្មលើលោក លឹម គិមយ៉ា ។ ក្នុងនោះបានបញ្ជាក់ថាបារាំងថ្កោលទោសអំពើឃាតកម្មលើលោក លឹម គិមយ៉ា ពលរដ្ឋបារាំង និងជាសមាជិកគណបក្សប្រឆាំងកម្ពុជា ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែមករា នៅប្រទេសថៃ។ ជាមួយគ្នានេះដែរ បារាំងក៏សម្តែងមរណទុក្ខចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់សព ខណៈទូតអះអាងថា បារាំងមានទំនាក់ទំនងជាមួយក្រុមគ្រួសារ របស់សពក្នុងក្របខ័ណ្ឌនៃការផ្តល់ការ គាំពារផ្នែកកុងស៊ុល។ ប្រភពពីទូតបារាំងបញ្ជាក់ថា “ប្រទេសបារំាងនឹងតាមដានដោយ យកចិត្តទុកដាក់អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយអាជ្ញាធរថៃ ដើម្បីស្វែងរកការពិតចំពោះករណីនេះ” ៕