លោក ឌិត ទីណា លើកទឹកចិត្តកសិករបង្កបង្កើន​​ ផលស្រូវក្រអូបងាយស្រួលរកទីផ្សារ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា បានជម្រុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកបង្កបង្កើនផលស្រូវក្រអូបវិញ ងាយស្រួលរកទីផ្សារដោយសារតែមានតម្លៃខ្ពស់ ។ ក្នុងសន្និសីទសារព័ត៌មានអំពីតម្លៃស្រូវ-អង្ករ នាថ្ងៃ១៥ មករា លោក ឌិត ទីណា មានប្រសាសន៍ពីការបង្កបង្កើនផលស្រូវសែនក្រអូបដែលជាពូជរបស់ខ្មែរថា ក្រសួងកសិកម្មដែលជាសេនាធិការរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ជាស្រេចដែលមានមន្រ្តីកសិកម្មនៅតាមមូលដ្ឋានក្នុងការ រកទីផ្សារឱ្យក្រុមកសិករទុកជាមុន ព្រោះមិនមែនធ្វើរួចហើយបានផលរកទីផ្សារតាមក្រោយគឺមិនអាចធ្វើទាន់ពេលនោះទេ ។ លោកបន្តថា បើកសិករពិតជាចង់ធ្វើស្រូវសែនក្រអូបត្រូវចង់ក្រងគ្នាជាបណ្តុំមួយៗនៅតាមសហគមន៍ ព្រោះក្រសួងកសិកម្មមានមន្រ្តីកសិកម្ម នៅភូមិឃុំក្នុងការផ្តល់ប្រឹក្សាយោបល់គ្រប់ពេលសម្រាប់ពួកគាត់។ លោកឌិត ទីណាគូសបញ្ជាក់ថា “ប៉ុន្តែបើសិនជាយើងមានផែនការជាមួយគ្នាមុន គឺទីផ្សារងាយស្រួល ឥឡូវទីផ្សាររោងម៉ាស៊ីនមួយចំនួនជាមួយស្ថានភាពថ្លៃអង្ករដែលគាត់កំពុងតែលក់សព្វថ្ងៃ គាត់ហ៊ានក្នុងតម្លៃ១៣០០រៀល ក្នុងមួយគីឡូស្រូវសើមនេះ សែនក្រអូបគាត់ហ៊ាន” ។ លោកថា ប៉ុន្តែចាប់ពីពេលនេះ ដល់ចុងខែមីនា ហួសពេលវេលាបង្កបង្កើនផលស្រូវ ព្រោះជាពេលកំពុងប្រមូលផល ប៉ុន្តែបើចង់ធ្វើស្រូវសែនក្រអូបត្រូវរងចាំដល់រដូវវស្សាពោលខែឧសភា ដោយចាប់ផ្តើមធ្វើនៅដើមរដូវ ខណៈរោងម៉ាស៊ីនស្រូវប៉ៃតងនៅខេត្តបាត់ដំបង ត្រូវការស្រូវក្រអូបរហូតដល់ជាង១ម៉ឺនហិកតា។ ចំពោះស្រូវសែនក្រអូបនេះ ក៏អាចធ្វើបានដែរចាប់ពីដើមរដូវវស្សានៅលើទីតាំងស្រែប្រពលវប្បកម្មដោយអាចធ្វើបាន២ដងដែរ។ ដោយឡែក សម្រាប់កសិករដែលនាំគ្នាធ្វើស្រូវអូអឹមរដ្ឋមន្រ្តីអះអាងថា ដោយសារពួកគាត់បានទទួលបានតម្លៃខ្ពស់កាលពីប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែបែរជាធ្លាក់ថ្លៃនៅដើមឆ្នាំ២០២៥នេះវិញ។ លោកសង្កត់ធ្ងន់ថា ការលើកឡើងរបស់នេះមិនមែនជាការស្តីបន្ទោសនោះទេ ប៉ុន្តែនេះដោយសារតែឃើញនូវស្ថានភាពជាក់ស្តែង ៕